ភ្នំពេញ ៖ ដោយសារឃើញមិនគប្បីក្នុងនាមដែលថាតាំងខ្លួនឯងជាអ្នកព័ត៌មាន លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវឲ្យក្រុមអ្នកព័ត៌មានឡាយតាមហ្វេសប៊ុក ជាពិសេស តែងតែចេញឡាយនាពេលរាត្រី ឲ្យគោរពតាមក្រមវិជ្ជាជីវៈអ្នកសារព័ត៌មាន ។
ការអំពាវនាវរបស់លោកនារសៀលថ្ងៃ១២ មិថុនា ក្រោយពីលោកបានប្រទះឃើញក្រុមអ្នកឡាយព័ត៌មានពេលរាត្រីចេញមកថតរូបទាំងដែលម្ចាស់រូបគេបិទបាំង មិនចង់ឲ្យថតក៏ដោយ ប៉ុន្តែពួកគាត់ នៅតែឈ្មុសឈ្មុលនាំគ្នាផ្តិតរូបទៀត ។
តាមហ្វេសប៊ុកលោកបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងឡាយ ជាពិសេសអ្នកផ្សាយផ្ទាល់(Live)តាមហ្វេសប៊ុក សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ, គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃឲ្យបានខ្ជាប់ខ្ជួន” ។
លោកថា ការបំពានសិទ្ធិបុគ្គលឯកជន គឺជាអំពើខុសក្រមសីលធម៌ និងខុសច្បាប់ដែលត្រូវចៀសវាងជាដាច់ខាត៕