កម្មករស្តារឡៃថ៏ អឹភែរឹល មេនូហ្វេកឆឺរីងជាង៤ពាន់នាក់តវ៉ា ស្នើរាជរដ្ឋាភិបាល និងក្រសួងការងារជួយអន្តរាគមន៍

ភ្នំពេញ ៖ ក្រុមកម្មករជាង៤០០០នាក់ បម្រើការនៅក្រុមហ៊ុន ស្តារឡៃថ៏ អឹភែរឹល មេនូហ្វេកឆឺរីង កាត់ដេរសំលៀកបំពាក់ ស្ថិតនៅភូមិសេដា ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG បានផ្ទុះការតវ៉ាទៀមទារលក្ខខណ្ឌការងារ៩ចំណុច និងសុំក្រុមហ៊ុនធ្វើការផ្លាស់ប្តូរថ្នាក់ដឹកនាំផ្នែករដ្ឋបាលចំនួនពីររូបចេញ អស់រយៈពេលជាង១០ថ្ងៃហើយ នៅតែមិនមានលទ្ធផលដែលអាចឲ្យកម្មករទទួលយកបាន ទើបស្នើឲ្យរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជួយអន្តរាគមន៍ ។

បើតាមកម្មការិនីម្នាក់បម្រើការងារនៅរោងចក្រនេះអស់រយៈពេលជាច្រើនឆ្នាំ ហើយបានចូលរួមតវ៉ាជាមួយកម្មករផ្សេងទៀត បានរៀបរាប់ប្រាប់ នាថ្ងៃ៩ មិថុនាថា ពួកខ្លួនបានចាប់ផ្តើមធ្វើកូដកម្មអស់រយៈពេលជាង១០ថ្ងៃមកហើយ នៅតែពុំមានលទ្ធផល ។

កម្មការិនីរូបនេះបន្តថា ពួកខ្លួនបានចាប់ផ្តើមធ្វើកូដកម្មតាំងពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣មកម្ល៉េះ រហូតមកដល់ពេលនេះ ក៏មិនបានឃើញខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានភារកិច្ចមើលការខុសត្រូវនោះចេញមកអន្តរាគមន៍ដោះស្រាយទេ។

កម្មការិនីដដែលក៏បានស្នើឲ្យរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងចេញមុខជួយអន្តរាគមន៍ផងដែរ ដើម្បីបានចូលធ្វើការវិញ ។

កម្មការិនីខាងបញ្ជាក់ថា “រហូតមកដល់ថ្ងៃនេះ(៩មិថុនា) នៅមិនទាន់មានដំណោះស្រាយដែលអាចទទួលយកបាននៅឡើយ ហើយក៏អត់ឃើញខាងណាមកជួយសម្របសម្រួលឬដោះស្រាយឲ្យដែរ ។ ដូច្នេះនាងខ្ញុំតំណាងឲ្យកម្មករឯទៀតស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល និងក្រសួងការងារជួយពួកខ្ញុំផង”។

ប៉ុន្តែទោះបីជាយ៉ាងណា បើតាមកម្មការិនីខាងលើនេះ គឺក្រោយតវ៉ាអស់ជាច្រើនថ្ងៃមក ខាងភាគីរោងចក្រក៏បានយល់ព្រមតាមលក្ខខណ្ឌមួយចំនួនផងដែរ តែអ្វីដែលធ្វើឲ្យក្រុមកម្មករ-កម្មាការិនី មិនសុខចិត្តយល់ព្រមតាមលក្ខខណ្ឌផ្តល់ដោយភាគីរោងចក្រនោះ គឺសុំឲ្យផ្លាស់ប្តូរដឹកនាំផ្នែករដ្ឋបាលចំនួនពីររូបចេញ តែរោងចក្រមិនព្រម ។

សូមបញ្ជាក់ថា ក្នុងដំណើរចុះជួបកម្មកររោងចក្រនៅតាមបណ្តារាជធានី-ខេត្តមួយចំនួននាពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែបានដាស់តឿនជារឿយៗទៅ ឲ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាទំនាស់រ៉ាំរៃរវាងកម្មករ និងថៅកែរោងកច្រ ។ ក្នុងនោះ កាលពីថ្ងៃ៨ មិថុនា សម្តេចបានស្នើឲ្យអភិបាលរាជធានី-ខេត្តដែលម្ចាស់ទឹកដីត្រូវតែខិតខំដោះស្រាយបញ្ហាបាតុកម្ម រវាងកម្មករនិងថៅកែរោងចក្រ ធ្វើយ៉ាងណាងកុំឲ្យជម្លោះក្លាយជាជំងឺមហារីករហូតដល់ឡើងតុលាការ៕