ព្រៃវែង៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានលើកឡើងថា ប្រទេសកម្ពុជាត្រូវការប្រព័ន្ធសុខាភិបាល មួយប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតួនាទីក្នុងការផ្តល់សេវាថែទាំសុខភាព ជាមូលដ្ឋានដល់ប្រជាពលរដ្ឋគ្រប់រូប។ការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ ខាងលើនេះធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ក្នុងវេទិកាសាធារណៈផ្សព្វផ្សាយពី «គោលនយោបាយ គណបក្សខ្មែររួបរួមជាតិ» នៅឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រោមថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិជាច្រើនរូបទៀត។
លោកបន្តថា ដើម្បីធ្វើឱ្យការផ្តល់សេវាសុខភាព សាធារណៈប្រកបដោយគុណភាព រដ្ឋចាំបាច់ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងគ្រឹះស្ថានសុខាភិបាលសាធារណៈ ឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងន័យធានាសុខភាព និងសុខុមាល ភាពល្អ តាមរយៈការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ បចេ្ចកទេសវេជ្ជសាស្រ្ត ជំនាញសុខាភិបាលពិតប្រាកដ បង្កើនចំនួនវេជ្ជបណ្ឌិតឯកទេសជំនាញ បង្ការការប្រើប្រាស់សារធាតុគីមីខុសច្បាប់ ត្រួតពិនិត្យលើសុខភាពចំណីអាហារ ទប់ស្កាត់ការនាំចូល ការប្រើប្រាស់ឱសថក្លែងក្លាយ និងពង្រឹងយន្តការវេជ្ជសាស្រ្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ព្រមទាំងលើកកម្ពស់ អនាម័យសាធារណៈ ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ មានជាអាទិ៍ការប្រើប្រាស់ទឹកស្អាត និង បង្គន់អនាម័យ…។
លោកបន្ថែមថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សខ្មែររួបរួមជាតិ នឹងរៀបចំឱ្យមានគោលនយោបាយប្រព័ន្ធ សន្តិសុខសង្គម (Social Security) សម្រាប់សុខភាពសាធារណៈ មានដំណើរការល្អ និងនិរន្តរភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានការផ្តល់សេវាសុខាភិបាលពេញលេញ ដោយមានការចូលរួមសហការគ្នា រវាងវិស័យឯកជន និងរដ្ឋ។
ដោយឡែក ចំពោះស្ត្រីសម្រាលកូន ទារក កុមារា កុមារី ជនពិការ ចាស់ជរា ជនក្រីក្រ រដ្ឋនឹងរៀបចំឱ្យមានប័ណ្ណសុខភាពសាធារណៈ ដែលអាចទទួលបានសេវា ព្យាបាលសុខភាពតាមមន្ទីរពេទ្យរដ្ឋ ដោយបង់ ប្រាក់ក្នុងកម្រិតទាប ឬដោយឥតបង់ប្រាក់។ រាជរដ្ឋាភិបាលរួបរួមជាតិ ដឹកនាំដោយគណបក្សខ្មែររួបរួមជាតិ”ពលរដ្ឋខ្មែរ ព្យាបាលជំងឺគ្រប់ប្រភេទនៅមន្ទីរពេទ្យរដ្ឋ បង់ថ្លៃ១ម៉ឺនរៀល៕