ខេត្តព្រះសីហនុស្វាគមន៍មជ្ឈមណ្ឌលពហុពាណិជ្ជកម្មថ្មីមួយបន្ថែមទៀត

ព្រះសីហនុ៖ ខេត្តព្រះសីហនុ ដែល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារះនាទិសនិរតី” បានស្វាគមន៍មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលេដេ ផាលេស របស់ក្រុមហ៊ុន អេចភី ថៅអឺរ ឯ.ក (HP TOWERS CO.,LTD)ថ្មីមួយទៀត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

មជ្ឈមណ្ឌលពហុពាណិជ្ជកម្មថ្មី នេះត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្មនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ក្រោមវត្តមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។ ក្នុងពិធីនេះ លោក ហូលិក តាន់ឌីហ្សូណូ តំណាងអគ្គនាយកក្រុមហ៊ុន អេចភី ថៅអឺរ (HP TOWERS) មានប្រសាសន៍លើកឡើងថា មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម អេចភី ថៅអឺរ ឯ.ក (HP TOWERS CO.,LTD) បានចាប់ផ្តើមសាងសង់គម្រោងថ្មីរបស់ខ្លួន ក្នុងគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចរីកចម្រើនរបស់កម្ពុជា ពិសេសខេត្តព្រះសីហនុ។

លោកបន្តថា ការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ក៏ គួបផ្សំនឹងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ បានជម្រុញការរីកដុះដាលនៃការអភិវឌ្ឍជាបន្តបន្ទាប់នៅខេត្តព្រះសីហនុយើងផងដែរ ហើយទំហំដីសាងសង់នៅទីនេះជារបស់ឪពុករបស់គាត់ និងជាក្តីសម័យរបស់លោក គឺបង្កើតរីហ្សត មជ្ឈមណ្ឌលពហុពាណិជ្ជកម្មតាមស្តង់ដារ ប្រៀបធៀបឱ្យដូចនឹងប្រទេសឥណ្ឌូនេស៊ី ។

លោកបន្ថែមថា គម្រោងមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម និងធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗក៏ដូចជាការរស់នៅ ទាំងនេះ គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ចូលរួមចំណែកជួយលើកកម្ពស់វិស័យទេសចរណ៍ បដិសណ្ឋាកិច្ច និងវិនិយោគនៅខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលីដេ ផាលេស របស់ក្រុមហ៊ុន អេចភី ថៅអឺរ ឯ.ក (HP TOWERS CO.,LTD) នៅលើទឹកដី នៃខេត្តព្រះសីហនុនាពេលនេះ និងសូមជូនពរឱ្យដំណើរការសាងសង់របស់ក្រុមហ៊ុនទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនកាន់តែច្រើន។

លោកបន្តថា ការបើកការដ្ឋានសាងសង់ក្នុងថ្ងៃនេះ គឺជាសក្ខីភាពដែលបង្ហាញ ឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្ថែមថា មជ្ឈមណ្ឌលពហុពាណិជ្ជកម្មនេះនឹងផ្តល់ការងារជាច្រើនជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។

ជាមួយគ្នានេះ លោកអភិបាលខេត្តរូបភានេះ បានវាយតម្លៃខ្ពស់ចំពោះលោក ហូលិក តាន់ឌីហ្សូណូ ដែលបានសម្រេចចិត្តធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយផ្អែកលើសក្តានុពលឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងមានវិស័យសំណង់ជាច្រើនបានកំពុងរីកដុះដាលនៅក្នុងខេត្តព្រះសីហនុ ទោះបីមានសំណង់មួយចំនួននៅជាប់គាំង ដោយសារវិបត្តិកូវីដ-១៩ មកដល់បច្ចុប្បន្នក៏ដោយ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគបន្តគម្រោងសាងសង់ ធ្វើឱ្យសំណង់មួយចំនួនបានចាប់ផ្តើមជាបណ្តើរៗ ហើយថ្ងៃនេះយើងបានបើកការដ្ឋានសាងសង់គម្រោង ថ្មីមួយនេះ បានគូសបញ្ជាក់ និងការចាប់យកឱកាសវិនិយោគនៅខេត្តព្រះសីហនុក្នុងនាមរដ្ឋបាលខេត្ត។

លោកក៏បាន កោតសរសើរក្រុមហ៊ុនបានសម្រេចចិត្តសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្មនេះឡើងរយៈពេល ២ឆ្នាំ គាំទ្រផ្នែកទេសចរណ៍ បដិសណ្ឋាកិច្ច និងវិនិយោគនៅខេត្តព្រះសីហនុ ហើយចាត់ទុកជាផលិតផលថ្មីមួយទៀតនៅខេត្តព្រះសីហនុ សូមជូនពរក្រុមហ៊ុនទទួលបានជោគជ័យផ្លែផ្កានាពេលខាងមុខ រួមចំណែកលើកកម្ពស់សោភណភាពខេត្តព្រះសីហនុ សង្ឃឹមថា គម្រោងមជ្ឈមណ្ឌលពហុពាណិជ្ជកម្មនេះ រួមចំណែកការអភិវឌ្ឍខេត្តព្រះសីហនុ និងបង្កើនសោភណភាពទីក្រុងរបស់យើង ព្រមទាំងបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយសម្របសម្រួលគម្រោងសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម អេចភី ឱ្យទទួលបានជោគជ័យតាមផែនការ៕