ក្រសួងកសិកម្មចង់សម្រេចបាននូវសន្តិសុខស្បៀង

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញឆន្ទៈក្នុងការចង់សម្រេចឱ្យបាននូវសន្តិសុខស្បៀង និរន្តរបរិស្ថាន និងនិរន្តរភាពសេដ្ឋកិច្ចនៅក្នុងវិស័យកសិកម្ម។ លើសពីនេះទៅទៀត ការកែប្រែតាមរយៈកសិកម្មតាមទម្លាប់ មកជាកសិកម្មទំនើប ព្រមទាំងជំរុញ ផលិតផលសរីរាង្គដូចជា ម្រេច ជាដើម។

នេះ គឺជាការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោក Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

សូមជម្រាបជូនថា គោលបំណងនៃការប្រជុំនេះ ភាគីនៃប្រទេសម៉ូរីសស្នើសុំបញ្ជូនជូនក្រុមអ្នកជំនាញកម្ពុជា ជួយក្នុងការអភិវឌ្ឍន៏ទៅលើវិស័យកសិកម្មប្រទេសរបស់ខ្លួន និងជួយក្នុងការរៀបចំផែនការ និងអនុវត្តកម្មវិធីកសិកម្មផ្សេងៗ ដែលប្រទេសទាំងពីរអាចពិភាក្សា និងពិនិត្យលទ្ធភាពរួមគ្នា។ បន្ថែមពីនេះកម្ពុជាក៏អាច ផ្តល់ជំនួយផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងវិស័យកសិកម្មផងដែរ៕