ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) ក្នុងការសិក្សា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការ។
ការចុះហត្ថលេខាខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ រវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និង លោក Du Fei តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
ក្រសួងសាធារណការបញ្ជាក់ថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួច យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់។ នៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ភាគីក្រុមហ៊ុនបានស្នើរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (Feasibility Study – FS) និងការអនុវត្តគម្រោងខាងលើជា ០២ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប និង ដំណាក់កាលទី២ ផ្លូវល្បឿនលឿន បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត និងតភា្ជប់ជាមួយនឹងប្រទេសថៃ។
ក្រសួងបន្តថា គម្រោងទាំង២ ដំណាក់កាលនេះគ្រោងនឹងសិក្សាជា ៤ គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ ត្រូវបានកំណត់សុពលភាព ដូចគ្នាទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវល្បឿនលឿនកន្លងមក ប៉ុន្តែភាគីទាំងអស់អាចព្រមព្រៀងគ្នា ក្នុងការពន្យាររយៈពេលសុពលភាពនេះក្នុងករណីចាំបាច់ ដើម្បីឱ្យការសិក្សាគម្រោងខាងលើ មានភាពពេញលេញគ្រប់ជ្រុងជ្រោយ។
បើតាម ក្រសួង ជាពិសេសទាក់ទងនឹងការកំណត់ខ្សែគន្លងផ្លូវ (Alignment) ក្នុងតំបន់ខេត្តសៀមរាប ត្រូវមានការវិភាគសិក្សា និងគិតគូរឱ្យបានល្អិតល្អន់ជាទីបំផុត ដោយហេតុថាខេត្តនេះសំបូរទៅដោយសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក និងស្ថានីយបុរាណវិទ្យាជាដើម។ តាមការគ្រោងទុក មិនយូរជាងបំណាច់ឆ្នាំ២០២៤នោះទេ គម្រោងនេះនឹងត្រូវប្រារព្ធពិធីបើកការដ្ឋានសាងសង់ផងដែរ៕