ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាស លើកលែងពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និង ក្រុងបូកគោ នៃខេត្តកំពត។
យោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខា ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ ឱ្យដឹងថា ត្រូវបានលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យដែលស្ថិតនៅក្នុងក្រុង ឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពួន នៃខេត្តកណ្តាល និង ក្រុងបូកគោ នៃខេត្តកំពត។
សេចក្តីប្រកាសនេះ បន្តថា ម្ចាស់អចលនទ្រព្យទាំងអស់ដែលស្ថិតក្នុងក្រុងដូចមានកំណត់ក្នុងប្រការ នៃប្រកាសនេះ ត្រូវមានកាតព្វកិច្ចចុះ បញ្ជីអចលនទ្រព្យនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃ អគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣។
ក្នុងករណីអចលនទ្រព្យស្ថិតក្នុងក្រុងដូចមានកំណត់ក្នុងប្រការ១ នៃប្រកាសនេះ បានបង់ពន្ធលើអចលនទ្រព្យរួច ហើយ ចំនួនប្រាក់ពន្ធដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់។
ម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់រួច នៅសាខាពន្ធដារខេត្តដែលអចលន ទ្រព្យស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់៕