ភ្នំពេញ៖ កម្មវិធី “បញ្ញវន្តឌីជីថល” ឬ “Digital Talents” នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ខណៈកម្មវិធីនេះ ជាការកំណត់ការចាប់ផ្តើមដំបូងនៃដំណើរផ្លាស់ប្ដូរស៊ីជម្រៅសម្រាប់សិស្សានុសិស្សក្នុងវិស័យឌីជីថល។
ក្រសួងប្រៃសណីយយ៍ឱ្យដឹងថា បញ្ញវន្តឌីជីថល ជាកម្មវិធីថ្មីដំបូងនៅកម្ពុជាដែលលើកកម្ពស់សមត្ថភាពសិស្សានុសិស្សក្នុងយុគ្គសម័យឌីជីថល ក្នុងការបែបប្រកួតប្រជែងដែលមានទស្សនីយភាពលាយលំជាមួយនឹងមនោសញ្ចេតនាពិតៗ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្រសួងបន្តថា ជាមួយគ្នានេះដែរ កម្មវិធី បញ្ញវន្តឌីជីថល ជាកម្មវិធីដែលលើកតម្កើងសមត្ថភាពសិស្សានុសិស្សដែលណែនាំពីបំណិនឌីជីថលចម្រុះ ការពិចារណាលើចំណេះដឹងដែលខ្លួនមាន ឆ្លុះបង្ហាញឱ្យឃើញពីគំនិតច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា។
បើតាមក្រសួងប្រៃសណ៍ ស្របតាមចក្ខុវិស័យរបស់ក្រសួង កម្មវិធីនេះបានបង្ហាញឱ្យឃើញពីការដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំឌីជីថល ទៅដល់សិស្សានុសិស្ស និងប្រជាជនកម្ពុជាគ្រប់ៗរូបឱ្យ ដើម្បីត្រៀមខ្លួនទទួលយកការមកដល់នូវវិស័យឌីជីថលដែលកំពុងរីកចម្រើនឥតឈប់ឈរនេះ។
បញ្ញវន្តឌីជីថល គឺជាថ្នាលដ៏មានសក្តានុពលមួយក្នុងការលើកកម្ពស់យុវជនកម្ពុជាទៅលើចំណេះដឹងឌីជីថលតាមរយៈការសិក្សា ការប្រកួតប្រជែង និងការបង្ហាញសមត្ថភាព ជាពិសេសវានឹងធ្វើឱ្យមហាជនកម្ពុជាងាកមកចាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែមទៅលើចំណេះដឹងផ្នែកឌីជីថលផងដែរ៕