គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្ត្រី គ.ជ.ប ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប។

លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានថ្លែងថា ការងារសំខាន់ៗនៅក្នុងដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតរួមមាន៖ ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូល ការប្រគល់ទទួលសម្ភារបោះឆ្នោតនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។

លោកបន្តថា ក្រៅពីនេះមានការដាក់ និងការទទួលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់ គឃ.សប នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ការបូកសរុបលទ្ធផលបឋមនៃការបោះឆ្នោតតាមការិយាល័យបោះឆ្នោត និង ការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅក្នុងរាជធានី ខេត្ត។

លោក បានណែនាំដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ដែលជាសិក្ខាកាមក្នុងវគ្គបណ្ដុះ-បណ្ដាលនេះ ឱ្យយកចិត្តទុកដាក់ចំពោះការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេស និងត្រូវស្វែងយល់បន្ថែមឱ្យបានច្បាស់លាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបទប្បញ្ញត្តិនៃលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងរបៀបប្រើប្រាស់កម្មវិធីថ្មីៗដែល គ.ជ.ប បានធ្វើបច្ចុប្បន្នភាព ដែលមានកម្មវិធីសំខាន់ៗ ដូចជា៖ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និង កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹងនៅ គឃ.សប និងនៅ គធ.ខបព្រមទាំង ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ គឃ.សប និង គធ.ខប ជាដើម។

វគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្ត្រី គ.ជ.ប ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ មានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការឧទ្ទេសលើប្រធានបទចំនួន ២៦ រួមនឹងមានការអនុវត្តសម្តែងតួរបស់ក្រុមគ្រូបង្ហាត់ គ.ជ.ប ដើម្បីឱ្យសិក្ខាកាមមានចំណេះដឹងកាន់តែមានភាពជាក់លាក់ និងច្បាស់លាស់៕