ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែងដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។
ការបញ្ជាក់ជំហរនេះ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី២ រវាងសម្តេច និងលោកប្រធានាធិបតីអ៊ុយក្រែន។ ជំនួបនេះធ្វើឡើងតប តាមសំណើរបស់ លោក ហ្សេលិនស្គី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ។
ជាមួយគ្នានេះផងដែរ សម្តេច បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់ កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ សម្ដេច ថា «កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ៊ុយក្រែន សម្តេច ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់អ៊ុយក្រែន។ សម្តេចតេជោ បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែន ចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានផងដែរ ហើយបានជូនពរបវរជូនប្រជាជនអ៊ុយក្រែន៕