ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបាន RECEF បោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទ នាពេលថ្មីៗនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្រោយកម្ពុជាចូលជាសមាជិកពេញហើយ បណ្តាញRECEFនេះ ក៏បានសន្យាថា នឹងចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាផងដែរ ។
RECEF មានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង។
យោងតាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប នាថ្ងៃទី២៨ ឧសភា បានឲ្យដឹងថា «នាឱកាសចូលរួម ក្នុងសិក្ខាសាលាអន្តរជាតិលើកទី១១ ស្ដីពីបែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត និងមហាសន្និបាតលើកទី១០ របស់ RECEF ដែលមានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន RECEF បោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទ»។
គ.ជ.ប បន្ដថា ការបោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទនេះ ដោយកុងសង់ស៊ីសសមាជិកចូលរួមទាំងអស់ រួមមាន ៖ ប្រទេសជាសមាជិកចំនួន២២ និងដៃគូ RECEF ចំនួន៣ គឺអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង OIF មានសមាជិក សរុប៨៨ប្រទេស ដោយមានអ្នកនិយាយភាសាបារាំងក្នុងពិភពលោកចំនួន៣១០លាននាក់ , មជ្ឈមណ្ឌលអឺរ៉ុបគាំទ្រការបោះឆ្នោត (ECEA) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង និងជំនួយការបោះឆ្នោតអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ (IDEA)។
លោក ឌឹម សុវណ្ណ សមាជិក គ.ជ.ប ប្រធានក្រុមប្រតិកម្មព័ត៌មាន និងជាតំណាង គ.ជ.ប បានចូលរួមជាសាក្សីក្នុងព្រឹត្តិការណ៍នេះ។ គ.ជ.ប ក៏បានបង្ហាញសន្លឹកឆ្នោតឆ្នាំ២០១៨ និងរូបភាពដំរីដឹកសម្ភារបោះឆ្នោតក្នុងពិព័រណ៍សន្លឹកឆ្នោតនៃប្រទេសសមាជិក RECEF។ ទន្ទឹមនឹងនេះ RECEF នឹងអញ្ជើញចូលរួមសង្កេតមើលការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នៅកម្ពុជាផងដែរ៕