ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី១ ស្តីពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥ និង២៦ ខែឧសភា ឆ្នាំ២០២៣ ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង សមត្ថភាពចំណេះដឹងផ្នែកហិរញ្ញវត្ថុមូលដ្ឋាន និងការស្វែងយល់អំពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដើម្បីចៀសវាសការបោកប្រាស់តាមរូបភាពនានា ទៅដល់ជនបង្គោលថ្នាក់ឃុំ និងថ្នាក់ភូមិចំនួន ៥៦នាក់ ដែលអញ្ជើញមកពីខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង សម្រាប់យកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ពួកគាត់។
វគ្គបណ្តុះបណ្តាលលើកទី១នេះ ក៏មានការចូលរួមជាគណៈអធិបតីដោយ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លោក ម៉ែន ភក្តី ប្រធានក្រុមការងារថ្នាក់កណ្តាលដឹកនាំការអនុវត្តគម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក Nitin Madan, Director of Responsible Inclusive Finance Facility for South East Asia (SPTF) ព្រមទាំងមានការចូលរួមពីតំណាងមកពីសមាគមធនាគារនៅកម្ពុជា និង JICA ផងដែរ។
នៅថ្ងៃទី ១ វគ្គបណ្តុះបណ្តាលបានសង្កត់ធ្ងន់លើ មូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានដូចជានិយមន័យ និងសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការយល់ដឹងពីប្រភេទនៃ គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ព្រមទាំងទិដ្ឋភាពទូទៅនៃអាជ្ញាធរហិរញ្ញវត្ថុ ដែលធ្វើបទឧទ្ទេសដោយ លោក វង្ស ភគីនី ប្រធាននាយកដ្ឋានបរិយាបន្នហិរញ្ញវត្ថុ និងសង្គម នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៕