ពហុកីឡដ្ឋានជាតិមរតកតេជោកំពុងរៀបចំតុបតែងជាថ្មី

ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium កំពុងរៀបចំតុបតែងជាថ្មីសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដោយជោគជ័យ។ នេះបើតាម​​ Cambodia23 ផ្សព្វផ្សាយនៅថ្ងៃទី ២៥ ខែឧសភានេះ ។

ប្រភពដដែលនេះបន្តថា ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ប្រាកដណាស់ថាមានភាពល្អិតល្អន់ និងច្បាស់លាស់ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ក្លាយជាបទពិសោធន៍ដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត និងមិនអាចបំភ្លេចបានសម្រាប់ទាំងអស់គ្នា។

បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលប្រទេសកម្ពុជា បានបញ្ជូនអត្តពលិកចំនួន១១៥ នាក់ដើម្បីចូលរួមប្រកួតលើ ១១ ប្រភេទកីឡា ហើយក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា៕