ក្រសួងវប្បធម៌សម្ពោធចាក់បញ្ចាំងជា ផ្លូវការភាពយន្តឯកសាររឿង ការរស់ឡើងវិញនៃគុនល្បុក្កតោ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ សម្ពោធចាក់បញ្ចាំងភាពយន្តឯកសារមានចំណងជើងថា ការរស់ឡើងវិញនៃគុនល្បុក្កតោ នៅរោងភាពយន្ត ឡេជេន ស៊ីណេមា សាខាអូឡាំព្យាមល ក្រោយពីពេល ចំណាយពេលថតអស់រយៈជាង៥ឆ្នាំ។

ពិធីសម្ពោធចាក់បញ្ចាំងនូវភាពយន្តខាងលើនេះ ត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ នៅថ្ងៃទី ២៣ ខែឧសភានេះ ឱ្យដឹងថា ការរស់ឡើងវិញនៃគុនល្បុក្កតោ គឺជារឿងបែបជីវិតពិត ស្តីពីការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ។ ជាដំណើររឿងដ៏អស្ចារ្យអំពីជ័យជំនះ ការបាត់បង់ និងការរស់រានមានជីវិត ដើម្បីទាមទារអត្តសញ្ញាណ វប្បធម៌ខ្មែរឡើងវិញ និងកសាងសម្ព័ន្ធភាពរពីជំនាន់មួយទៅជំនាន់មួយ។

ក្រសួងបន្តថា ចំណាយពេលថតជាង៥ឆ្នាំ ភាពយន្តនេះតាមដានដំណើរតស៊ូរបស់លោកគ្រូតា គុនល្បុក្កតោ សាន គឹមស៊ាន អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍កម្ពុជា ដែលជួយឱ្យក្បាច់គុនបុរណនេះរស់ឡើងវិញ និងរក្សាគុននេះឱ្យ គង់នៅ សម្រាប់កូនខ្មែរជំនាន់ក្រោយ។គុនល្បុក្កតោបានប្រឈមនឹងការបាត់បង់ក្នុងសម័យខ្មែរក្រហម ដូចនឹងប្រពៃណីវប្បធម៌ជាច្រើនទៀតរបស់កម្ពុជាផងដែរ ។

ក្រសួងបន្ថែមថា ដោយសារតែការខិតខំប្រឹងប្រែងរបស់លោកគ្រូតា និងគ្រូដែលនៅរស់រានមានជីវិត សព្វថ្ងៃនេះ ល្បុក្កតោបានក្លាយជានិមិត្តរូបនៃមោទនភាពជាតិ និងកម្លាំងចិត្តរបស់ខ្មែរ។ ភាពយន្តនេះ បានសហការផលិតដោយផលិតកម្ម តេជៈ ភាពយន្ត រួមជាមួយផលិតកម្ម កងចក្រ ភីកឈ័រ និងផលិតកម្ម Cineboxx Film មកពីប្រទេសកាណាដា។

ភាពយន្តឯកសារនេះ នឹងធ្វើការចាក់បញ្ចាំងជាសាធារណៈចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះតទៅ នៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា៕