សម្ដេច ហ៊ុន សែន ៖ បើគ្មានគំនិតផ្តួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិនទេ កម្ពុជាក៏ពុំមានមូលដ្ឋានរៀបចំស៊ីហ្គេម

ភ្នំពេញ ៖ ក្រោយកម្ពុជាទទួលបានជោគជ័យធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមនោះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើមិនមានចំណែកនៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់មិត្តដែកថែបចិនទេ កម្ពុជាក៏ពុំមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតស៊ីហ្គេមនេះឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ អបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាថ្ងៃ២២ ឧសភា សម្ដេចបានថ្លែងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយបានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងផ្ដល់ប្រយោជន៍ដល់ប្រទេសជាសមាជិក ដោយមិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។

សម្ដេចមានប្រសាសន៍ថា «បើនិយាយគ្រាន់តែស៊ីហ្គេម ដែលយើងទើបបិទបញ្ចប់ជោគជ័យនេះ បើមិនមានចំណែកនៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវទេ យើងពុំមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីនឹងប្រកួតស៊ីហ្គេមនោះទេ។ ខ្ញុំ បាននិយាយច្រើនលើកហើយ រាប់ទាំងពេលបើក ទាំងពេលបិទដែលខ្ញុំសូមអរគុណចំពោះសាធារណៈរដ្ឋប្រជាមានិតចិន រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ប្រធានាធិបតីចិន ស៊ី ជីនពីងដែលជួយកសាងស្ដាតមួយសម្រាប់យើងធ្វើកម្មវិធីបិទ-បើក និងការប្រកួត ប៉ុន្ដែមិនចប់ត្រឹមហ្នឹងទេ ស្តាតនោះអាចប្រើបាន១០០ឆ្នាំទៀត តកូន តចៅ»។

សម្ដេច បន្ដថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឲ្យកម្ពុជាក្លាយជាសមាជិកគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន រួមមាន ៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន។

លើសពីនេះ សម្ដេច ហ៊ុន សែន ក៏បានអបអរសាទរចំពោះខួប១០ឆ្នាំ នៃការបង្កើតទំនាក់ទំនងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវនៅកម្ពុជា។ ចំពោះខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងនៃមិត្តភាពកម្ពុជា-ចិន សម្ដេចបានខិតខំប្រឹងប្រែងរហូតបង្កើតបានមិត្តភាពដៃគូអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តភាពដែកថែប ហើយឈានមកដល់ការបង្កើតទំនាក់ទំនងត្បូងពេជ្របន្ថែមទៀត។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងពីផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលគម្រោងរបស់រដ្ឋាភិបាលចិន ព្រមទាំងព្រលានយន្ដហោះខេត្តសៀមរាប ជាពិសេសការតភ្ជាប់អ៊ីនធើណេតកប់ក្រោមបាត់សមុទ្រ និងផ្លូវ ស្ពាន ជាច្រើនខ្សែទៀតផងដែរ៕