ភ្នំពេញ ៖ ឈានចូលមកដល់ថ្ងៃបិទបញ្ចប់នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនេះ លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ក្រៅពីវប្បធម៌ខ្មែរដ៏សម្បូរបែបផ្សេងៗទៀតនោះ គុនល្បុក្កតោ និងគុនខ្មែរសុទ្ធតែជាផ្នែកមួយនៃវប្បធម៌ផ្សាយទៅកាន់មិត្តជាបរទេស នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
លោក ឈត ប៊ុនថង បានឲ្យដឹងនាថ្ងៃ១៧ ឧសភា ជាថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍ស៊ីហ្គេមថា មានការផ្សព្វផ្សាយពីវប្បធម៌ខ្មែរដ៏សម្បូរបែបបានយ៉ាងទូលំទូលាយក្នុងរយៈ ពេលជាង១០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមទៅដល់អត្តលិកបរទេស និងគណៈប្រតិភូបរទេសដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ក្រៅពីវប្បធម៌យ៉ាងច្រើនបង្ហាញក្នុងស៊ីហ្គេមនេះលោកថា “វិញ្ញាសាផ្សេងៗដែលពាក់ព័ន្ធប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ ដូចក្បាច់គុនល្បុក្កតោ គុនខ្មែរ និងវិញ្ញាសាមួយចំនួនទៀតសុទ្ធតែជាផ្នែកមួយនៃវប្បធម៌ដែរ មិនមែនគ្រាន់តែរាំច្រៀង សម្តែងតែ ប៉ុណ្នឹងទេ ។ មានន័យថា ក្បាច់គុនដែលមានដើមកំណើតដោយវប្បធម៌ខ្មែរហ្នឹងក៏ជាការបង្ហាញវប្បធម៌ខ្មែរដែរ។ បង្ហាញឲ្យគេស្គាល់ហើយ យើងថែមទាំងបានទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធទៀត”។
លោកបានចាត់ទុកចំណុចទាំងអស់នេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ។ លោកក៏បានចោទសួរថា បើមានសំណួរសួរថា តើកម្ពុជាយើងបានបង្ហាញនិងផ្សព្វផ្សាយវប្បធម៌អីខ្លះ គឺយើងពិព័រនាមិនអស់ទេ គឺធំធេងណាស់ ។ទាំងអ្វីដែលយើងមើលឃើញនិងអ្វីដែលយើងមើលមិនឃើញ”។
លោកឲ្យដឹងទៀតថា ការបង្ហាញនេះបានទៅដល់ទាំងពលរដ្ឋនៅក្រៅប្រទេស និងក្រុមកីឡាករ-កីឡាការិនី ព្រមទាំងគណៈប្រតិភូមកពីបរទេសទៅដល់ប្រទេសជាច្រើនជុំវិញពិភពលោក ។ ដូច្នេះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ពួកគេបានមើលទាំងការប្រកួតនិងរូបភាពផ្សេងៗទៀតនៃការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។
លោកបន្តថា ទាំងការបើកនិងមកដល់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺកម្ពុជាធ្វើបានល្អមែនទែនទាំងចរាចរណ៍និងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ ឬក៏ការរៀបចំប្រកួតអ្វីផ្សេងៗទៀត ជាពិសេសការមិនយកថ្លៃហូបចុក និងស្នាក់នៅជាដើម ។
គិតមកដល់ថ្ងៃបញ្ចប់នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានដណ្តើមេដាយសរុបទាំងអស់ចំនួន២៨២ ក្នុងនោះមាសចំនួន៨១គ្រឿង , ប្រាក់ចំនួន៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង៕