លោក ថោង ខុន៖ ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោតសរសើរគ្រប់ទិសទី

ភ្នំពេញ៖ ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។ ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខកខាន ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិស ទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវ ស្មារតីកីឡាអូរឡាំពិក។

តាមរយៈទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈ កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ ពិក កម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹងពេលវេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ កូវីដ ១៩។

លោកបន្តថា  បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩ នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំការប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាចរៀបចំ ការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។

ជាមួយគ្នានេះ លោក ថោង ខុន បានគូសរំលេចថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព លេចធ្លោរ ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ អគ្គិ ជ័យ កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក ថ្លៃសំបុត្រ ចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ កីឡា ជាដើម។

លោកក៏បានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការ កោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំង ចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។ បន្ថែមពីនេះ ក៏ទទួលបានការចាប់អារម្មណ៍ ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ ព្រឹត្តិការណ៍ នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់តែច្រើនទៅកាន់ឆាកអន្តរជាតិ។

បើតាមលោក ថោង ខុន ក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជា ទទួលបានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់។ ក្នុងនាមជាអ្នកប្រតិបត្តិមួយរូបលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ លោក ថោង ខុន បានបង្ហាញក្តីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង៕