ក្រសួងទេសចរណ៍ណែនាំឱ្យ ផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត

ភ្នំពេញ៖ ក្រសួងទេសចរណ៍ណែនាំឱ្យ ផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គីថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះ បើតាមសេក្តីណែនាំចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣។

ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំនេះ ធ្វើឡើងឆ្លើតបទៅនឹង សេចក្ដីណែនាំលេខ ០២ សណន ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមមលិខិតណែនាំរបស់ក្រសួងទេសចរណ៍បញ្ជាក់ថា អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលកម្ពុជាយើងបានកំណត់រៀបចំធ្វើនា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹងនោះ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖
១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូ តែក និងបៀរហ្គាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ០២(ថ្ងៃ គឺថ្ងៃទី២២ នឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ២. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលផ្តល់សេវាកម្មម្ហូបអាហារត្រូវផ្អាកសកម្មភាព ការលក់ដូរគ្រឿងស្រវឹងរយៈពេល ០២ (ពីរ) ថ្ងៃ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដាំ ឆ្នាំ២០២៣។

៣. ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាព និងមានការទទួល ខុសត្រូវខ្ពស់ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ៕