លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយល់ច្បាស់ថា វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី លើកឡើងថា រាជរដ្ឋាភិបាលយល់ច្បាស់ថា វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត ពីព្រោះការរីកចម្រើនរបស់វិស័យឯកជន គឺជាការរីកចម្រើនរបស់សង្គមជាតិទាំងមូល។

ប្រសាសន៍លើកឡើងរបស់លោក ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើង នៅក្នុងពិធីពិសាអាហារពេលល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

លោកបន្តថា ក្នុងន័យនេះ, រាជរដ្ឋាភិបាលនឹងខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចដំណើរការអាជីវកម្មក្នុងបរិស្ថានល្អប្រសើរ និងអំណោយផល តាមរយៈ (i) ការសម្រួលនីតិវិធីនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង វិនិយោគ, (ii) ការទាញយកប្រយោជន៍ឱ្យកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខា ។

លោកបន្ថែមថា ដោយក្នុងនោះ ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម និង (iii) ការបន្តពង្រឹងបន្ថែមប្រព័ន្ធឡូជីស្ទីកតាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងការប្រែក្លាយតំបន់មាត់សមុទ្រទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

ជាមួយគ្នានេះ លោក ក៏បាន សម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មតាមបណ្តាខេត្ត ព្រមទាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ដែលកន្លងមកបានចូលរួមលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការគាំទ្រសហគមន៍ធុរកិច្ច, ការបង្កើតឱកាសនៃទំនាក់ទំនងក្នុងបណ្តាញធុរកិច្ចជាតិ-អន្តរជាតិ, ការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា និងរួមទាំងការតភ្ជាប់មិត្តភាព និងសាមគ្គីភាពរវាងខ្មែរក្នុងស្រុក និងក្រៅស្រុក។

លោកបន្ថែមទៀតថា មួយវិញទៀត ក្នុងនាមជាលេខាធិការដ្ឋាន នៃក្រុមការងារផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, សភាពាណិជ្ជកម្មកម្ពុជាក៏បានបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាពក្នុងការជំរុញឱ្យយន្តការមួយនេះរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យសម្រាប់ការដោះស្រាយបញ្ហាប្រឈម, ការលើកស្ទួយសហគមន៍ធុរកិច្ច និងការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលនឹងកាន់តែផ្តោតលើការអភិវឌ្ឍវិស័យឯកជន ព្រមជាមួយនឹងការខិតខំទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់៕