លោក ព្រាប កុល អរគុណព្រះមហាក្សត្រ និង សម្តេច ហ៊ុន សែន ដែលអនុញ្ញាឱ្យចូលរួមបម្រើជាតិ

ភ្នំពេញ៖ លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាពកម្ពុជា និងបច្ចុប្បន្នជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទានព្រះរាជក្រិត្យប្រទានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដល់លោក ។

ជាមួយគ្នានេះ លោកថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តល់នូវសេចក្តីទុកចិត្ត និងផ្តល់ឱកាសឱ្យខ្ញុំបាទបានចូលរួមបម្រើជាតិ តាមរយ:រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលោកអាចបន្តបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលលោកមាន។

តាមរយៈបណ្តាញសង្គមផ្ទាល់ ខ្លួន លោក ព្រាប កុល បានលើកឡើងថា លោក ពិតជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានទទួលការអនុញ្ញាតពីសម្តេចឱ្យលោក បានចូលជួបសម្តែងការគួរសម និងបានពិភាក្សាអំពីកិច្ចការមួយចំនួន និងជាពិសេសបានស្តាប់នូវការចែករំលែកគតិបណ្ឌិត បទពិសោធន៍ ក៏ដូចជាចក្ខុវិស័យសម្រាប់កម្ពុជានាពេលអនាគត។

លោកបន្តថា រយ:ពេលជាង៤ម៉ោងដែលលោក បានជជែកពិភាក្សា និងស្តាប់ប្រសាសន៍សម្តេច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺបានផ្តល់នូវចំណេះដឹងដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងដែលមិនមានបង្រៀននៅគ្រឹះស្ថានអប់រំណាមួយឡើយ។

ជាមួយនឹងការទទួលបាននូវ តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នេះ លោក ព្រាប កុល បានធ្វើការប្តេជ្ញាចិត្តថានឹងខិតខំធ្វើការបម្រើជាតិ មាតុភូមិឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ប្រកបដោយវិជ្ជាជីវ: និងទំនួលខុសត្រូវខ្ពស់៕