ភ្នំពេញ ៖ លោក Davide Furcer ប្រធានក្រុមបេសកកម្មថ្មី នៃមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានលើកឡើងថា ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្ដី តែសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ បន្ដរក្សាបានកំណើនមួយល្អប្រសើរ បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយជំនួបរវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារ Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងអំឡុងពេល Staff Visit នាពេលថ្មីនេះ។
លោក Davide Furcer ប្រធានក្រុមបេសកកម្ម បានរាយការណ៍ពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសកល និងបានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមាន ភាពល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ២០២៣ នេះ ។ កត្តានេះ នឹងអាចជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា មួយកម្រិត តាមរយៈការងើបឡើងវិញនៃវិស័យនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរ និងវិស័យឧស្សាហកម្ម មិនមែនកាត់ដែរ។
លោកគូសបញ្ជាក់ថា «ជារួម ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្តី, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ បន្តរក្សាបានកំណើនមួយល្អប្រសើរបើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការវិលត្រលប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញ នៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា»។
ចំណែកលោកអូន ព័ន្ធមុនីរ័ត្ត ក៏បានលើកឡើងពីសារសំខាន់ នៃបេសកកម្មរបស់មន្ត្រី នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេលនេះ ក្នុងពេលកម្ពុជាកំពុងរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤ និងក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកល បាននិងកំពុងហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ បង្កឡើងដោយភាពមិនអំណោយផល នៃភូមិសាស្ត្រនយោបាយ, សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន, ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ, ការបែកខ្ញែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច, និងកំណើនយឺតជាងការរំពឹងទុក នៃសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ជាដើម ។ កក្តាទាំងនេះបានជះឥទ្ធិពលអវិជ្ជមានមកលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជាផងដែរ៕