កិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភីនៅខេត្តព្រះសីហនុ ឯកភាពលើ៣ ចំណុចសំខាន់ៗ

ព្រះសីហនុ៖ កិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ដែលដឹកនាំដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឯកភាពលើ៣ ចំណុចសំខាន់ៗ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា អង្គប្រជុំបានសម្រេចដូចខាងក្រោមសំខាន់ចំនួន ៣ ៖
១-ស្នើឱ្យភាគីម្ចាស់បំណុលទាំងអស់ ត្រូវដោះស្រាយជាអាទិភាពតែបំណុលដែលពាក់ព័ន្ធនឹងក្រុមហ៊ុន បុរី វីអាយភី ក្នុងខេត្តព្រះសីហនុ កុំទាន់យកបំណុលផ្សេងដែលមិនពាក់ព័ន្ធមកបូកបញ្ចូលគ្នា

២-ម្ចាស់បំណុលទាំងបីយល់ព្រមសហការបន្តវិនិយោគសាងសង់សំណង់បុរី ដើម្បីដោះស្រាយជូនអតិថិជន ប៉ុន្តែផ្តល់អាទិភាពជូនលោកជំទាវ សេង រួចលាង ជាអ្នកបន្តគំរោងសាងសង់ និង ៣-ជូនលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងដីក្រុមហ៊ុន បុរី វីអាយភី ជាមួយម្ចាស់បំណុល ដោយមានការចូលរួមពីរដ្ឋបាលស្រុកព្រៃនប់ ភាគីក្រុមហ៊ុន បុរី វីអាយភី និងតំណាងប្រជាពលរដ្ឋ ចាប់ពីថ្ងៃនេះតទៅ។

បើតាម គួច ចំរើន កាលពីខែមីនា កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់កម្មវិធីប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីជម្រុញការរកដំណោះស្រាយបញ្ហារបស់បុរី វីអាយភី ដែលបានធ្វើការសាងសង់ផ្ទះ និងលក់ជូនអតិថិជននៅពេលកន្លងទៅ។

លោកបន្តថា ដោយមានបញ្ហាវិបត្តិជាបន្តបន្ទាប់ ធ្វើឱ្យបងប្អូនអតិថិជនបាត់បង់ទំនុកចិត្តដល់ម្ចាស់បុរី ហើយម្ចាស់បុរី មានការពាក់ព័ន្ធជាមួយម្ចាស់បំណុលផ្សេងទៀត ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សម្រុះសម្រួលឱ្យមានការឯកភាពគ្នារវាងភាគីម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីបន្តការសាងសង់ជូនអតិថិជន។

លោកបន្ថែមថាស រដ្ឋបាលខេត្តព្យាយាមរកបញ្ហាប្រឈមដើម្បីរកដំណោះស្រាយជូនបងប្អូនអតិថិជន ភាគីម្ចាស់ បំណុល និងក្រុមហ៊ុន ថ្ងៃនេះ រដ្ឋបាលខេត្តចង់ដឹងពីភាគីម្ចាស់បំណុលណាមួយដែលស្ម័គ្រចិត្តចូលរួមសហ ការសាងសង់សំណង់បុរីនេះបន្តជូនបងប្អូនអតិថិជន។

យោងតាមលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់គ្រោងសាងសង់ផ្ទះ ល្វែងសរុបចំនួន ៤០០៥ល្វែង និងអគារចំនួន ៨ តាមការពិនិត្យជាក់ស្តែង ម្ចាស់សំណង់សាងសង់បានចំនួន ១៤៣៨ល្វែង ហើយម្ចាស់ផ្ទះបានបន្តសាងសង់ខ្លួនឯងចំនួន ៣៨ ល្វែង៕