គ.ជ.ប ទទួលស្គាល់គណបក្សនយោបាយ ៣ បន្ថែមទៀត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ លើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ការសម្រេចទទួលស្គាល់នេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមការដឹកនាំរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.បនៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៣។

គ.ជ.ប បានសម្រេចដូចខាងក្រោម៖ ១.ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមាន ៦ (ប្រាំមួយ) មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

២.ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ និង ៣.ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សបំណងពលរដ្ឋ ដែលមាន ៩ (ប្រាំបួន) មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ជាមួយគ្នានេះ គ.ជ.ប សម្រេចធ្វើលិខិតជូនដំណឹងទៅគណបក្សនយោបាយ ១ (មួយ) ឱ្យធ្វើការកែតម្រូវលើសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ករណីមួយទៀត គ.ជ.ប បានសម្រេចធ្វើលិខិតទៅក្រសួងយុត្តិធម៌ ដើម្បីសុំការបញ្ជាក់អំពីភាពមាន ឬមិនទាន់មាននីតិសម្បទាឡើងវិញ ពាក់ព័ន្ធនឹងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ។

តាមរបាយការណ៍របស់អង្គភាពជំនាញ គិតត្រឹមម៉ោង ១០:០០ ព្រឹក នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ១៨ (ដប់ប្រាំបី) បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប។

គិតត្រឹមថ្ងៃនេះដែរ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន ១១ គណបក្ស។

តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕