ព្រឹត្តិការណ៍បង្ហោះខ្លែងថ្នាក់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា (SkyFest) ចាប់ផ្តើមបើកនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ព្រឹត្តិការណ៍បង្ហោះខ្លែងថ្នាក់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា (SkyFest) ក្រោមពាក្យស្លោក “ខ្មែរអាចហោះបាន” ត្រូវបានចាប់ផ្តើមបើក និង ប្រារព្ធឡើងនៅបរិវេណគម្រោង Bay of Lights ក្នុងក្រុងព្រះសីហនុ ខណៈព្រឹត្តិការណ៍នេះ រៀបចំឡើងដោយ ក្រុមហ៊ុនខេនូភី សែន ឌីវេឡុបម៉ិន (Canopy Sands Development) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចនទ្រព្យសំខាន់របស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)។

ព្រឹត្តិការណ៍ SkyFest នេះ មានការអញ្ជើញចូលរួមពី លោក Edward Lee នាយកគ្រប់គ្រងក្រុមហ៊ុន ខេនូភី សែន ឌីវេឡុបម៉ិន និងអ្នកបង្ហោះខ្លែងមកពីប្រទេសចំនួន ០៩ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន សឹង្ហបូរី ម៉ាឡេស៊ី ចិន និងបារាំង។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ បាន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមបង្ហោះខ្លែងមកពី ៩ ប្រទេស ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជៅជូនចំពោះ ក្រុមហ៊ុន ខេនូភី សែន ឌីវេឡុបម៉ិន នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងរៀបចំធ្វើឱ្យព្រឹត្តិការណ៍ SkyFest នេះ ក្នុងគោលបំណងលើកកម្ពស់ថែរក្សាវប្បធម៌ប្រពៃណីជាតិ និងប្រមូលផ្តុំមហាគ្រួសារខ្មែរក្រោមស្មារតីតែមួយ ដើម្បីឲ្យយុវជនជំនាន់ក្រោយបានយល់ដឹង និងចេះស្រឡាញ់ថែរក្សានូវអ្វីដែលខ្មែរមាន ហើយវាក៏ជានិមិត្តរូបនៃភាពធន់ ភាពច្នៃប្រឌិត និងសក្តានុពលគ្មានទីបញ្ចប់។ ប្រធានបទ “ខ្មែរអាចហោះបាន” មិនត្រឹមតែឆ្លុះបញ្ចាំងពីគុណតម្លៃនៃខ្លែងហោះខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្តីប្រាថ្នា និងក្តីសុបិនរបស់ប្រជាជនកម្ពុជាផងដែរ នៅពេលដែលយើងបន្តបោះជំហានឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់។

លោកបន្តថា ព្រឹត្តិការណ៍ SkyFest នាថ្ងៃនេះ អាចកើតឡើងបាន គឺយើងមិនអាចបំភ្លេចបានឡើយអំពីការលះបង់ដ៏ធំធេងរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសជាតិ ហើយព្រឹត្តិការណ៍នេះទៀតសោត គឺជាសក្ខីភាពមួយដែលកើតឡើងក្រោមម្លប់សន្តិភាពដែលយើងទទួលបាន។ សម្តេចតេជោ បានដឹកនាំប្រទេសកម្ពុជាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ហើយតែងតែប្តេជ្ញាចិត្តឥតងាករេដើម្បីធ្វើឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជារបស់សម្តេចមានការរីកចម្រើន៕