សម្តេច ហ៊ុន សែន ជាបេក្ខជនឈរឈ្មោះបោះឆ្នោតនៅមណ្ឌលខេត្តកណ្តាល លោក ហ៊ុន ម៉ាណែត នៅមណ្ឌលភ្នំពេញ និងសម្តេច សខេង មណ្ឌលបាត់ដំបង

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នាថ្ងៃ១ ឧសភា បានបង្ហាញបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣សម្រាប់គណបក្សប្រជាជនកម្ពុជា ។ ក្នុងនោះ ថ្នាក់ដឹកនាំកំពូលៗរបស់បក្សកាន់អំណាចដូចជា សម្តេច ហ៊ុន សែន ប្រធានគណបក្សឈរឈ្មោះនៅមណ្ឌលខេត្តកណ្តាល ខណៈមណ្ឌលរាជធានីភ្នំពេញឈរដោយលោក ហ៊ុន ម៉ាណែត ដែលជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី ក្នុងគ្រាសម្តេច ស ខេង ឈរឈ្មោះនៅមណ្ឌលខេត្តបាត់ដំបង។

សម្រាប់សម្តេច ហេង សំរិនវិញ ឈរឈ្មោះនៅស្រុកកំណើតសម្តេចតែម្តង គឺមណ្ឌលខេត្តត្បូងឃ្មុំ ។ ដោយឡែក សម្រាប់លោកស្រី មែន សំអន ឈរឈ្មោះនៅមណ្ឌលខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្ស៧ត្រូវបានគ.ជ.បទទួលស្គាល់ជាផ្លូវការក្នុងបញ្ជី ខណៈបក្ស២ទៀតកំពុងស្ថិតក្នុងការពិនិត្យនៅឡើយ។ គណបក្សទាំង៧នោះរួមមាន ៖ គណបក្សប្រជាជនកម្ពុជា , គណបក្សយុវជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ , គណបក្សធម្មាធិបតេយ្យ ,គណបក្សកម្លាំងប្រជាធិបេយ្យ , គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរតែមួយ។ ចំណែក២ទៀត កំពុងពិចារណាពីខាងគ.ជ.បនោះ គឺមានគណបក្សខ្មែរអភិរក្ស និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៕