ភ្នំពេញ៖ បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបិទការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ ដោយត្រៀមឈុតធំអ្នករាំជាង ១០០០នាក់។
បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ”CAMBODIAN PRIDE” បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាព រីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ក្នុងបទចម្រៀងនេះ កំពូលតារា ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។
បទចម្រៀងមួយបទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗ មានដូចជា លោក សុខ ជំនោរ -លោក ខាំ ភូរិ -ឯកឧត្តម ហ៊ឹម នភា -ឧកញ៉ា យឹម តាស្រង់និង ឯកឧត្តម ខេមរៈ ភារុណ។
សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានកោតសរសើរជាខ្លាំង ចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ីផងដែរ ។ ជាមួយគ្នានេះ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ លោក ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ (Cambodian Pride) ។
លោកស្រី ចាត់ទុកថា ការផលិតបទចម្រៀង បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ (Cambodian Pride) ដែលបង្កប់នូវសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេស បានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធមដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដល់កូនខ្មែរគ្រប់ជំនាន់៕