ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានដកតំណែងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន អគ្គនាយកនិងអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជាទាំងអស់ បើមិនផ្សាយកីឡាបាល់ទាត់គ្រប់គូទាំងអស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មិនមែនផ្សាយសំដៅតែលើគូអន្តរជាតិ ជាមួយកម្ពុជាដែលជាម្ចាស់ផ្ទះនោះទេ ។
ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ នាថ្ងៃទី១ ឧសភា សម្ដេចតេជោ មានប្រសាសន៍ថា កាលពីម្សិលមិញសម្ដេចបានបើកគ្រប់ទូរទស្សន៍មិនឃើញការផ្សាយពីការប្រកួតបាល់ទាត់គូអន្តរជាតិ ហើយសម្ដេចក៏បានទូរស័ព្ទទៅសួរខាងទូរទស្សន៍ជាតិ ស្រាប់តែឆ្លើយវិញថា ទូរទស្សន៍ជាតិផ្សាយតែគូខ្មែរ ប្រកួតជាមួយបរទេសទេ ។
សម្ដេចបន្តថា គ្រាន់តែដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម បានក្លាយទៅជាបុណ្យមួយនៅតាមខេត្ត ហេតុអ្វីគ្រាន់តែប្រកួតបាល់គូអន្តរជាតិ និងអន្តរជាតិ ដែលប្រជាជនរង់ចាំមើល មិនព្រមផ្សាយ ។
សម្ដេចបញ្ជាក់ថា «សូមផ្ដាំទៅទូរទស្សន៍ជាតិ ល្ងាចនេះត្រូវតែផ្សាយឲ្យបាន បើផ្សាយមិនបាន អគ្គនាយកដកចោលទាំងអស់ អត់មានទុកហែងមួយទេ ប្រាប់ឲ្យហើយ ។ នាយករដ្ឋមន្ត្រីត្រូវការ ឲ្យប្រទេសនេះក្លាយទៅជាថ្ងៃបុណ្យរបស់ជាតិ សម្រាប់ប្រជាជនកម្ពុជា មោទកភាពរបស់ប្រជាជនកម្ពុជា រឿងអីហែងទុកឲ្យប្រទេសខ្មែរស្ងប់ស្ងាត់អីចឹង ក្នុងពេលដែលមានស៊ីហ្គេម គេប្រកួតកីឡាមិនព្រមផ្សាយ» ។
សម្ដេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «មើលគ្រប់ទូរទស្សន៍ទាំងអស់ឲ្យចេះភ្ញាក់រលឹកមើល ឥឡូវប្រកួត ១១វិញ្ញាសារហើយ ប៉ុន្តែគ្មានអ្នកណាផ្សាយ ហើយទូរទស្សន៍ជាតិ ហើយរដ្ឋមន្ត្រី(លោកខៀវ កាញារីទ្ធ) វាទៅណា… ខ្ញុំបានរំលឹកហើយតាំងពីមុនមកថា រឿងការផ្សាយនេះត្រូវយកចិត្តទុកដាក់ មានអីវាដេកធ្វើមិនដឹងទៅ ។ ឯងនេះទីចុងបំផុតចាំមើលឃើញថា ថៃស៊ីសាំហ្កាពួរ ២-១ ដល់យប់បន្តិច វៀតណាម ស៊ីឡាវ ៣-០ បានមើលប៉ុណ្ណឹង គេត្រូវការមើលការប្រកួតម៉េចអីយ៉ាងម៉េច បើថាធ្វើទូរទស្សន៍ប៉ុណ្ណឹងមិនបាន ធ្វើរដ្ឋមន្ត្រីប៉ុណ្ណឹងមិនបាន នាំគ្នាចេញឲ្យហើយទៅ ទៅអញដកមុនស៊ីហ្គេម ។ និយាយឲ្យច្បាស់ ហើយលុយទៅណាអស់ទៅ» ។
សម្ដេចថ្លែងថា ហេតុអ្វីបានជាអស់លោកមិនចាប់អារម្មណ៍ ហើយបើនៅតែរឹងទទឹងមិនព្រមផ្សាយ គឺថាអស់តំណែងមុនម៉ោង៩យប់នេះហើយ ។ សម្ដេចថា កុំមកបង្ខូចព្រឹត្តិការណ៍របស់គេ ក្នុងពេលដែលខ្លួនឯងមានសម្ភារៈគ្រប់គ្រប់ និងទទួលបន្ទុកការងារផ្សព្វផ្សាយ ។
សម្ដេច បានអំពាវនាវឲ្យទូរស្សន៍ទាំងអស់ ធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ៕