សម្តេច ហ៊ុន សែន ៖ ករណីទាមទារដកតំណែងអភិបាលខេត្តកែបមានអ្នកព្យាយាមដុតឲ្យខ្លោច រោចឲ្យឆៅ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានអ្នកខ្លះព្យាយាមដុតឲ្យខ្លោច រោចឲ្យឆៅ រឿងយកផាស៊ីអនាម័យពេលចូលទឹកដីខេត្តកែប ដោយទាមទារឲ្យដកតំណែងលោកអភិបាលខេត្ត លោក សោម ពិសិដ្ឋ ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នាថ្ងៃទី២៧ មេសាសម្តេច បានមានប្រសាសន៍ថា «ថ្ងៃមុនខ្ញុំជេរចៅហ្វាយខេត្តកែប ខ្ញុំថាអត់មានចៅហ្វាយខេត្តណា ល្ងង់ជាងចៅហ្វាយខេត្តកែបទេ ប៉ុន្តែមានអាថែមប្រហុក ថែមអំបិល ចេញតាមដូចជាភ្នំពេញដេលី ទាមទារឲ្យដកចៅហ្វាយខេត្តកែបចេញ ។ ខ្ញុំសឹងតែបកត្រឡប់ទៅវិញថា កុំដុតឲ្យខ្លោច កុំរោចឲ្យឆៅ វាល្ងង់គឺវាល្ងង់ហើយ ព្រោះម៉ែអាណាជាន់ដីកែបភ្លាម ទារផាស៊ីភ្លាម វាល្ងង់ហួស» ។

ពាក់ព័ន្ធរឿងអភិបាលខេត្តកែបនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចជេរថាប្រដៅ ដូចកូនចៅចឹង ព្រោះថាលោក សោម ចិន ឪពុកលោក សោម ពិសិដ្ឋ ធ្វើជាទាហាននៅជាមួយសម្ដេច តាំងពីឆ្នាំ១៩៧៨ ។

សូមរំលឹកថា កាលពីថ្ងៃទី១៥ មេសាកន្លងមកនេះ មាន ប្រជាពលរដ្ឋម្នាក់ បានសរសេរសារផ្ញើមកសម្តេច ទាក់ទងនឹងការតម្រូវឲ្យបង់ប្រាក់ចេញ ចូលក្នុងទឹកដីខេត្តកែប ដែលបញ្ហានេះ បានធ្វើឲ្យសម្តេច ចេញសារជាបន្ទាន់ ឲ្យអភិបាលខេត្តកែប ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបញ្ចប់នីតិវិធីនៃការបង់លុយ ពីរថយន្តធ្វើដំណើរឆ្លងកាត់ខេត្តកែប ៕