លោក ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ធ្វើមាតុភូមិនិវត្តន៍

ភ្នំពេញ: លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់ការបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម នៅសាធារណៈរដ្ឋកូរ៉េ។

ដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នេះ មានរយៈពេល ៤ ថ្ងៃ ដោយភាគីក្រសួងយុត្តិធម៌កម្ពុជា និងកូរ៉េខាងត្បូង បានធ្វើវិបស្សនា និងសិក្ខាសាលារួមគ្នា ពិភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍយន្តការសន្ធានកម្ម លើប្រធានបទសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១-ការរៀបចំក្របខណ្ឌច្បាប់ និងឬគោលនយោបាយ ស្តីពីសន្ធានកម្ម
២-ការរៀបចំនិងអនុវត្តយន្តការសន្ធានកម្មភ្ជាប់នឹងតុលាការ
៣-ការរៀបចំនិងអនុវត្តយន្តការសន្ធានកម្មសហគមន៍។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខាងភាគីក្រសួងយុត្តិធម៌កូរ៉េ នឹងដឹកនាំប្រតិភូមកធ្វើវិបស្សនា និងសិក្ខាសាលារួមគ្នាជាមួយភាគីកម្ពុជាវិញម្តង នៅខេត្តសៀមរាប ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ នេះ៕