ចូលឆ្នាំខ្មែរកន្លងផុតទៅ១សប្តាហ៍ហើយ ទេសចរជិត៨០ម៉ឺននាក់ នៅតែដើរលេង

ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានឲ្យដឹងថា ទោះបីជាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានកន្លងផុតទៅមួយអាទិត្យហើយក៏ដោយ ប៉ុន្តែលំហូរភ្ញៀវទេសចរនៅតែបន្តដំណើរកម្សាន្តរបស់ពួកគេដដែល ពោលក្រោយ១សប្តាហ៍មកនេះ(ពីថ្ងៃ១៧-២៣មេសា) មានទេសចរប្រមាណជា៧៨៩,៤៧៣នាក់នៅតែបន្តដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ។

ក្នុងចំនួនទាំង៧៨៩,៤៧៣នាក់នេះ មានភ្ញៀវជាតិ៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥,៧៦៥នាក់ បើធៀបជាមួយនឹងសប្តាហ៍ធម្មតាភ្ញៀវទេសចរមានចំនួនជាមធ្យមចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ។

គោលដៅទេសចរណ៍សំខាន់ៗរបស់អ្នកទេសចរមាន៖ រាជធានីភ្នំពេញ ១២១,៧៣៦នាក់ , ខេស្វាយរៀង ៩៣,៥៦០នាក់ , បន្ទាយមានជ័យ ៨៨,៦៩៩នាក់ , បាត់ដំបង ៨១,៤៥៣នាក់ , កំពត ៦៥,៩១៥នាក់ , ព្រះសីហនុ ៥៨,៨៨៩នាក់ , សៀមរាប ៥០,៤២៨នាក់៕