ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ដល់គណបក្សនយោបាយដែលមានបំណងចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវដាក់ពាក្យនៅ គ.ជ.ប ដែលមានរយៈពេល ១៥ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ២១ ខែមសា លោក នុត សុខុម អនុប្រធាន គ.ជ.ប បញ្ជាក់ថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅ គ.ជ.ប។ ប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ត្រូវចុះហត្ថលេខា លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។
លោកបន្តថា ក្រោយការដាក់ពាក្យស្នើសុំ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីទទួលបានពាក្យស្នើសុំ។
ចំពោះការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោ- បាយឈរឈ្មោះបោះឆ្នោត លោកនុត សុខុម បញ្ជាក់ថា សាមីគណបក្សនយោបាយ ឬតំណាង អាចប្តឹងតវ៉ា ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចបដិសេធដោយ គ.ជ.ប លើបញ្ជីបេក្ខជននៃគណបក្សនយោបាយរបស់ខ្លួន។ គណបក្សនយោបាយអាចប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមនីតិវិធី។
បើតាម លោក នុត សុខុម បន្ទាប់ពីបានបញ្ឈប់ការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឬ/និងក្រោយពេលដែលពាក្យបណ្តឹងតវ៉ាត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ គ.ជ.ប ត្រូវបិទផ្សាយបញ្ជីរាយនាមគណបក្ស នយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះផ្លូវការតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត របស់គណបក្សនយោបាយទាំងនោះក្នុង រយៈពេលយ៉ាងតិច ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃបោះឆ្នោត៕