ក្រសួងកសិកម្មគ្រោងសាងសង់មន្ទីរពិសោធន៍ពិនិត្យចំណីអាហារឱ្យមានកម្រិតស្តង់ដារនៅខេត្តកណ្តាល

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងសាងសង់មន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដាអន្តរជាតិស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ដើម្បីពិនិត្យចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។

ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោងដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍នៅថ្ងៃ ១៩ ខែមេសា ឆ្នាំ២០២៣ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ក្រសួង ចង់បានមន្ទីរពិសោធន៍កម្រិតស្តង់ដាអន្តរជាតិនៃអនុវិស័យទាំងអស់ដែលនឹងត្រូវធ្វើឡើងនៅកន្លែងតែមួយដើម្បីភាពងាយស្រួល។

បើតាមលោក រដ្ឋមន្ដ្រី គម្រោងមន្ទីរពិសោធន៍ថ្មីស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ ទាក់ទងនឹងការងារនេះ លោករដ្ឋមន្ត្រី បានដាក់ជូនអង្គប្រជុំយកចិត្តទុកដាក់ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ចំណេះដឹង និងការចំណាយផ្សេងៗ ដើម្បីធានាដល់ដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ និងជាមន្ទីរពិសោធន៍ល្អគ្មានពីរលើវិស័យកសិកម្ម។

បើតាមលោករដ្ឋមន្ដ្រី មន្ទីរពិសោធន៍ស្តង់ដាអន្តរជាតិមានភាពចាំបាច់ណាស់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជននៅទូទាំងប្រទេស។ យ៉ាងណាក៏ដោយ ខណៈដែលមន្ទីរពិសោធន៍ថ្មីពុំទាន់លេចចេញជារូបរាង លោករដ្ឋមន្ដ្រីបានណែនាំដល់មន្ដ្រីត្រូវធ្វើការងារដដែលសិន និងចាប់ផ្តើមគិតគូដល់កម្រិតថ្នាក់តំបន់ ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

ដើម្បីឱ្យការងារនេះប្រព្រឹត្តទៅបានរលូនលោក រដ្ឋមន្ត្រី បានស្នើអង្គប្រជុំធ្វើការបង្កើតក្រុមការងារមួយ ដឹកនាំដោយ ឯកឧត្តម សេន សុវណ្ណ ដើម្បីពិនិត្យមើលលើ បញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករណ៍/សម្ភារៈ និងធនធានមនុស្ស ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

ចំណែកការចំណាយ ត្រូវពិនិត្យលទ្ធភាពថវិកាសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈផ្សេងៗ ដើម្បីបន្តសកម្មភាព ប្រសិទ្ធភាព និងនិរន្តរភាពការធ្វើពិសោធន៍។ មួយវិញទៀត មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនង សហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស៕