ភ្នំពេញ៖ ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ឱ្យទទួលបានជោគជ័យ ជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជា នឹងមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។
នេះបើតាម លោក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំពិសេសមួយ ក្រោមវត្តមានសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC កាលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន ថ្លែងថា ៖«នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ យើងទាំងអស់គ្នាទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានលើកឡើងពីការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងមិនបង់ថ្លៃចំនួន ៥០ដុល្លារ ក្នុងម្នាក់ៗ ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះកម្ពុជានោះទេ»។
លោកបន្តថា « យើងទាំងអស់គ្នា ពិតជាមានភាពកក់ក្តៅ និងរំភើបរីករាយ ប្រកបដោយមោទនភាពជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយយើងទាំងអស់គ្នានឹងគោរពតាមការសម្រេចចិត្តនេះ»។
លោកបន្ថែមថា «គ្រប់គណៈកម្មការជំនាញទាំងអស់ ទទួលបានអនុសាសន៍បន្ថែមពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយយើងនឹងផ្សព្វផ្សាយជូនដល់ប្រតិភូកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទាំងអស់ថា យើងនឹងមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន៥០ដុល្លារ ក្នុង១ថ្ងៃៗនោះទេ។
លោកបញ្ជាក់ទៀតថា «យើងនឹងផ្តល់ជូនព័ត៌មាននេះ ដល់បណ្តាប្រទេសទាំងអស់ ដែលកំពុងត្រៀមចូលរួមប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុងបំណងចម្បងជំរុញឱ្យព្រឹត្តិការណ៍កីឡាទាំងមូលនៅកម្ពុជា ទទួលបានភាពកក់ក្តៅ និងជោគជ័យទាំងអស់គ្នា។ នេះជាចំណុចសំខាន់បំផុត ក្នុងកិច្ចប្រជុំប្រកបដោយអត្ថន័យ នៅព្រឹកថ្ងៃនេះ»។ ឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់បន្ថែម»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានចាត់ទុក ការមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន៥០ដុល្លារ ក្នុង១ថ្ងៃៗនេះ ថា ជាសម្រេចចិត្តដ៏វិសេសវិសាលមួយ មិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម ហើយក្នុងនាមជាម្ចាស់ផ្ទះ នឹងគោរពនូវការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះ កិច្ចប្រជុំថ្ងៃនេះ ក៏បានផ្តោតសំខាន់ទៅលើបញ្ហាសំខាន់ៗមួយចំនួនទៀត ដូចជាការបូកសរុបរបាយការណ៍រួម និងសភាពការណ៍បច្ចុប្បន្ន ដើម្បីត្រៀមរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះជាកិច្ចប្រជុំលម្អិតលើផែនការ និងដោះស្រាយលើកិច្ចការមួយចំនួន ដែលនៅសេសសល់។ ជាមួយគ្នានេះ អង្គប្រជុំ ក៏ផ្តោតសំខាន់ទៅលើការរៀបចំឱ្យមានសណ្តាប់ធ្នាប់ អនាម័យ ការតុបតែង ដើម្បីឱ្យមានសោភ័ណភាពផងដែរ។
លោក វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់សហព័ន្ធកីឡាជាតិ ដែលគ្រប់គ្រងក្រុមកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ត្រូវថែទាំសុខភាពពួកគាត់ឱ្យបានល្អប្រសើរ កុំឱ្យមានរបួសស្នាមផ្សេងៗ ជាពិសេសកុំឱ្យមានការប្រកួតណាមួយ ក្នុងអំឡុងត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដើម្បីកុំឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនប្រកួតប្រជែងមេដាយជូនជាតិ។ នេះគឺជាសារមួយដ៏សំខាន់របស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីថែបំប៉នគុណភាពបច្ចេកទេស សុខភាពអត្តពលិកកម្ពុជាឱ្យមានរឹងមាំ។
បន្ថែមពីលើនេះ សម្តេច ទៀ បាញ់ ក៏បានជំរុញបន្ថែមដល់គ្រប់គណៈកម្មការជំនាញទាំងអស់ ធ្វើកិច្ចការងារឱ្យមានភាពសកម្ម ទាំងក្នុងពេលត្រៀម និងទាំងក្នុងពេលប្រកួត ជាពិសេសគឺត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីរួមគ្នាជំរុញឱ្យព្រឹត្តិការណ៍កីឡាទាំង២ ជាប្រវត្តិសាស្ត្ររបស់កម្ពុជាដំណើរការដោយរលូន និងជោគជ័យផងដែរ៕