ក្រសួងមហាផ្ទៃសម្រួលខ្លឹមសារត្រៀមសម្រាប់កិច្ចប្រជុំលើកទី១២ រវាងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ក្រសួងមហាផ្ទៃកិច្ចប្រជុំអន្តរក្រសួង ដើម្បីសម្របសម្រួលរៀបចំខ្លឹមសារត្រៀមសម្រាប់កិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។

កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃ នាព្រឹកថ្ងៃអង្គារទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមាន សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ អគ្គលេខាធិការ ថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបទៀត។

លោក សក់ សេដ្ឋា បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំដែលរៀបចំឡើងនៅថ្ងៃនេះ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលនឹងរៀបចំធ្វើឡើងនៅប្រទេសវៀតណាមនាពេលខាងមុខ។

លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលថ្លែងថា កិច្ចប្រជុំនេះបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣ ដោយភាគីកម្ពុជា-វៀតណាមបានរៀបចំកិច្ចប្រជុំប្តូរវេនជាម្ចាស់ផ្ទះម្នាក់ម្តង ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ហើយកិច្ចប្រជុំលើកទី១២នេះ ភាគីវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ។

លោកបន្ថែថា ក្នុងកិច្ចប្រជុំលើកទី១២ ភាគីទាំងពីរនឹងពិភាក្សាទៅលើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន ,វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការគ្រប់គ្រងច្រកទ្វាព្រំដែន វិស័យគមនាគមន៍ និងដឹកជញ្ជូន ព្រមទាំងវិស័យសំខាន់ផ្សេងៗទៀត និងការងាររុករកអដ្ឋិធាតុកងទ័ព និងធ្វើមាតុភូមិនិវត្តន៍ ព្រមទាំងពិភាក្សាលើការងារដែលនៅសេសសល់មួយចំនួនទៀតផងដែរ៕