ភ្នំពេញ៖ ក្រោយពីសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីភាពចម្រុងចម្រាស់អាជ្ញាកណ្តាលគុនខ្មែរ និងអ្នកគាំទ្រ សហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ បើកកិច្ចប្រជុំពិសេសមួយ ពីសកម្មភាពនៃការប្រកួតកីឡាប្រដាល់គុនខ្មែរនាថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ។
កិច្ចប្រជុំនេះ ក្រោមការដឹកនាំរបស់ លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និង លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់ គុនខ្មែរ ដោយបាន ពិនិត្យ និងពង្រឹងឡើងវិញនូវវិធានការមួយចំនួន ៖
១-បទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព។ ២-ប្រកាសឱ្យបានច្បាស់លាស់នូវលក្ខខ័ណ្ឌការប្រកួតចំនួនទឹកដល់កីឡាករ កីឡាការិនី និងមហាជន បានជ្រាប។
៣-ធ្វើការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រមដឹកនាំការប្រកួតបន្ថែមទៀត។ និង ៤-គ្រប់គ្រង ថែទាំកីឡាករជម្រើសជាតិឱ្យបានល្អ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេ មខាងមុខ។
លោកឧកញ៉ា ស្រី ចាន់ថន ថ្លែងក្រោយកិច្ចប្រជុំរយៈពេលជាងបួនម៉ោងជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបុគ្គលពាក់ព័ន្ធ ឱ្យដឹងថា លោកឧកញ៉ា សង្ឃឹមថាអ្វីដែលលោកបានធ្វើនឹងអាចចាប់ផ្តើមកែប្រែមុខមាត់ខ្លះៗទាក់ទងជាមួយកីឡាគុនខ្មែររបស់យើង។ នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អបងប្អូន បើមិនមានបញ្ហា ក៏មិនមានដំណោះស្រាយដែរ។
លោកឧកញ៉ា បន្តថា បើទោះបីជាយ៉ាងណាក៏ដោយ លោកឧកញ៉ា ជឿជាក់យ៉ាងមុតមាំថា គុនខ្មែរនឹងផ្លាស់ប្តូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ វត្តមានរបស់បងប្អូនបានកំពុងតែរុញគុនខ្មែរឲ្យរីកចម្រើនយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ។ បងប្អូនគុនខ្មែរគឺជាដួងព្រលឹងរបស់យើងទាំងអស់គ្នា។
លោកថ្លែងថា៖ «ក្នុងនាមយើងជាកូនចៅជំនាន់ក្រោយ យើងមានភារកិច្ចក្នុងការ ថែរក្សា ការពារ អភិរក្ស និងលើកស្ទួយគុនខ្មែរឲ្យដល់កម្រិតពិភពលោក។ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយខ្ញុំនឹងខិតខំតស៊ូបន្តទៀតដើម្បីឲ្យពិភពលោកស្គាល់គុនខ្មែររបស់យើង»។
លោកបន្តថា «ហើយវត្តមានរបស់បងប្អូនទាំងអស់គ្នាបានធ្វើឲ្យខ្ញុំមានកម្លាំងចិត្តយ៉ាងខ្លាំងខ្លា ពោលគឺមិនមានពេលណាដែលខ្ញុំធ្វើការងារគុនខ្មែរហើយអស់កម្លាំងឡើយ បងប្អូនគឺជាកម្លាំងចិត្តរបស់ខ្ញុំ ខណៈពេលដែលគុនខ្មែរគឺជាមរតកដូនតាដ៏អស្ចារ្យសម្រាប់ខ្ញុំ»៕