កងទ័ពជើងគោកកម្ពុជា និងវៀតណាមចុះហត្ថលេខា បង្កើតយន្តការអចិន្ត្រៃយ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកម្រិតអង្គភាពជំនាញ

ភ្នំពេញ៖ ការិយាល័យទី២ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកម្ពុជា និងស្នងការស្រាវជ្រាវព័ត៌មានសន្ដិសុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខា រួមគ្នាលើលក្ខខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការ (ToR) ដើម្បី ឈានមកដល់ការ បង្កើតយន្តការអចិន្ត្រៃយ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកម្រិតអង្គភាពជំនាញ រវាងអង្គភាពទាំងពីរ។

ពិធីចុះហត្ថលេខា ធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោក ឡេ ឌឹកថាយ មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនរាប់ចាប់តាំងពីឆ្នាំ២០០៤ មក។ ជាពិសេស ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងរយៈកាលកន្លងមកនេះ អនុស្សារណៈនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងបន្ថែមទៀត និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារសហការគ្រប់គ្រង និងការពារព្រំដែន ដើម្បីធានាការពារសន្តិសុខ សន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈពេលពេញមួយឆ្នាំ២០២២ កន្លងទៅ ដោយក្នុងនេះ កងទ័ពទាំងពីរបានបន្តសហការគ្នាយ៉ាងសកម្មលើការផ្លាស់ប្តូរគណៈប្រតិភូ, ការងារល្បាតទប់ស្កាត់បទល្មើសឆ្លងដែន, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងបានជួបប្រជុំពិភាក្សាដោះស្រាយភារកិច្ចការពារព្រំដែនតាមយន្តការគ្រប់កម្រិត ទទួលបានលទ្ធផលល្អប្រសើរ រួមទាំងការបន្តរួមសហការជួយគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងស្ថានការណ៍លំបាកផ្សេងៗ។

លទ្ធផលការងារ ដែលសម្រេចបានមកនេះ ពិតជាបានចូលរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាការថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន ដែលជាការបង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនទាំងសងខាង ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

សម្រាប់ទិសដៅឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ចស្របតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ឆ្នាំ២០១៩, ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដំណាក់កាល២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជាពិសេសការជំរុញអនុវត្តអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្មនៃទំនាក់ទំនងរវាងកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួម ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា៖ ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ, ការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការបន្តសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការត្រៀមលក្ខណៈចូលរួមអនុវត្តលំហាត់រួមលើប្រធានបទសង្គ្រោះគ្រោះមហន្តរាយ និងប្រឆាំងបទល្មើសឆ្លងដែននៅតាមបណ្តោយព្រំដែន ស្របតាមគោលការណ៍របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕