ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ នេះ បានចេញអនុក្រឹត្យ បញ្ចប់មុខដំណែង លោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពាក់ព័ន្ធនឹងអាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា «បើតុលាការមិនចាត់ការតាមផ្លូវ ច្បាប់ទេទុកឲ្យខ្ញុំដាក់វិន័យតាម ផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រី ទាំងអស់សូមកុំអាងអំណាចធ្វើ បាបអ្នកទន់ខ្សោយជាពិសេស សូមកុំប្រើប្រាស់អាវុធខុសច្បាប់»។
សម្តេចបន្តថា «សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការសូមកុំឲ្យ ជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេល កាត់ទោសដែលជននោះអាច តាមគំរាមកំហែងដល់អ្នកផ្សេងទៀត»។
សូមរំលឹកថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចដាក់ឱ្យ លោក បែល វ៉ាន់ដែត ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
តំណាងអយ្យការកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានសម្រេចចោទប្រកាន់លើលោកបែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញត និងបទគំរាមកំហែងថានឹងសម្លាប់។
លោកបែល វ៉ាន់ដែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីដកកាំភ្លើងភ្ជង់គំរាមបុរសម្នាក់ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីជីបម៉ុង៥៩៨ ផ្លូវP04 សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ។
អំពីដំណើររឿង មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តពីខាងក្រោយរថយន្តជនសង្ស័យ រួចស៊ីផ្លេរ ទើបជនសង្ស័យខឹង ក៏ឈប់រថយន្តពីមុខរយៈពេលប្រហែល៥នាទី ។ បន្ទាប់មកជនរងគ្រោះ ក៏បើករថយន្តវ៉ាចេញ ធ្វើឱ្យជនសង្ស័យបើករថយន្តដេញតាមរួចដកកាំភ្លើងភ្ជង់គំរាមរួចគេចខ្លួន ។ ភ្លាមៗ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់បាន នៅវេលាម៉ោង១០យប់ ថ្ងៃខែដដែល ពោលក្រោយកើតហេតុជាង១ម៉ោង ដើម្បីយកមកសួរនាំនៅនគរបាលខណ្ឌ៕