គណ:រដ្ឋមន្ត្រីអនុម័តគម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀត

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តគម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀត ដែលរួមមាន «ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា និងស្តីពី «គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង»

ក្នុងប្រជុំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បង្ហាញថា គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀតគឺ៖(១)គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលទំហំ ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា (២)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ (៣)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ (៤)គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ (៥)គម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។

ដើម្បីធានានិរន្តភាពនៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឱ្យការ ផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់។ យោងទៅតាមស្ថានភាពនៃការរៀបចំគម្រោង និងពេលវេលា ដែលត្រូវ ការគម្រោងក្រសួងរ៉ែ និងថាមពល រៀបចំនៅពេលនេះនូវការអភិវឌ្ឍគម្រោងចំនួន ៥ ដែលមាននៅក្នុង កញ្ចប់គម្រោងចំនួន ២កញ្ចប់ ដូចខាងក្រោម ក្នុងចំណោមគម្រោង ៤កញ្ចប់ដែលអភិវឌ្ឍ តាមយន្តការ ចាស់។

លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២ ៨៨០ ៣៨២ដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ៕