ក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង

ភ្នំពេញ៖ ក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនដែលបានឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ២០១៨ ២០២២ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៣-២០២៨ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នាសាលប្រជុំធំថ្មី របស់ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានអាក់ខានរៀបចំ ពិធីបើកអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំអស់រយៈ ពេលបីឆ្នាំកន្លងទៅ ដោយសាវិបត្តិការឆ្លងរីករាល ជាលនៃជំងឺកូដ ១៩ ដ៏កាចសាហាវ។

លោក រដ្ឋមន្ត្រី បានបន្តថា អង្គសន្និបាតរបស់ក្រសួងព័ត៌មានថ្ងៃនេះ ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក គឺជាឱកាសដ៏មាន សារសំខាន់សម្រាប់ក្រសួងព័ត៌មានធ្វើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារ កាលានុវត្តភាព និង បណ្ដាបញ្ហាប្រឈមក៏ដូចជាចូលរួមពិភាក្សាផ្លាសប្តូរយោបល់ ចែករំលែកបទពិសោធន៍ ចំណេះដឹងពីគា្នទៅ វិញទៅមក ដើម្បីរៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រ និងទិសដៅការងារសម្រាប់អនុវត្តបន្ត ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាព ជាក់ស្តែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីសម្រេចបាន សមិទ្ធផលថ្មីៗបន្ថែមទៀត។
លោក បានបញ្ជាក់ថា ស្ថិតនៅក្នុងដំណាក់កាលវិបត្តិជំងឺកូរីដ-១៩ និងវិបត្តិនយោបាយសកល បានបង្កឱ្យមានផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចចក្ខុ វិស័យឆ្នាំ២០៣០ និង២០៥០។ក៏ប៉ុន្តែ ជារួមលើវិស័យព័ត៌មាន និងសោតទស្សន៍យើងនៅរក្សាបានវឌ្ឍនភាពគួរជាទីមោទនៈ ដោយសារយើងបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនាពេលកន្លងមក ក្រោមម្លប់សុខ សន្តិភាព ការអភិវឌ្ឍ និងការលើកកម្ពស់សិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មានដែល ធ្វើឱ្យក្រសួងព័ត៌មានអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យគួរជាទីមោទនៈ ។

លោកបន្ថែម ថា ជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងដោយមានការខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការព្រមទាំងមានកិច្ចសហការ ល្អរវាងប្រព័ន្ធផ្សព្វផ្សាយជាតិ និងវិស័យឯកជនធ្វើឱ្យក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលយ៉ាង ត្រចះត្រចង់ជាច្រើនគឺបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី ១០-១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ” ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ ” នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច នាយករដ្ឋមន្ត្រី មានការចូលរួមពីប្រតិភូបរទេស និងអ្នកកាសែតជាតិ-អន្តរជាតិចំនួន៦០០នាក់មកពីបណ្តាប្រទេសចំនួន៤២។
យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានព័ត៌មានឱ្យដឹងថា ក្រសួងបានរៀបចំវេទិកាតុមូលនិពន្ធនាយកអាស៊ី អឺរ៉ុបលើកទី១០ ឆ្នាំ២០២១ ក្រោមប្រធានបទ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីរួមគ្នាឈានទៅលុបបំបាត់ព័ត៌មានមិនពិតនៅក្នុងសង្គម រក្សាតម្លៃ និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន។

ក្រសួងបាន គាំទ្រ និងចូលរួមយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូរីដ ១៩ របស់រាជរដ្ឋាភិបាលដោយបានចាប់ផ្តើមពីកងកម្លាំងជួរមុខរួមមាន៖ កងកម្លាំងប្រដាប់អាវុធមន្រ្តីរាជការ អ្នកសារព័ត៌មាន និងសា្ថប័នឯកជន ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសបានទទួលជោគជ័យយ៉ាងធំធេង។ ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ១៣ខែវិច្ឆិកាឆ្នាំ២០២២ ដែលមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចូលរួមចំនួន១៧៥០ដាក់។

ក្រសួងបានធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍ព្រះរាជពិធីប្រទានព្រះអគ្គិកីឡានៅខេត្តសៀមរាប និងធ្វើ ការផ្សាយផ្ទាល់ព្រឹត្តិការណ៍ដង្ហែព្រះអគ្គិកីឡាពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសសមាជិក អាស៊ាន និងត្រៀមរៀបចំផ្សាយផ្ទាល់ពិធីដង្ហែព្រះអគ្គិកីឡាពីខេត្តស្ទឹងត្រែង មកកាន់រាជធានីភ្នំពេញ និងចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនៅជុំវិញបឹងទន្លេសាប ឆ្ពោះមកកាន់ពហុកីឡដ្ឋានមរតកតេជោ។ ទន្ទឹមនឹងសមិទ្ធផលដែលក្រសួងព័ត៌មានសម្រេចបាននាពេលកន្លងមក យើងនៅមានការងារ សំខាន់ៗចំពោះមុខជាច្រើនទៀតដែលត្រូវអនុវត្តបន្តដូចជា៖ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ ការបោះឆ្នោតសកលនីតិកាលទី៧ នៃរដ្ឋសភា បន្តជំរុញសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារ ព័ត៌មាន និងការកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ រៀបចំផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធ អាណាឡូក ទៅជាប្រព័ន្ធឌីជីថល ការប្រឆាំងព័ត៌មានក្លែងក្លាយ និងការងារជាច្រើនទៀតដែលទាមទារ ឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរបស់យើងទាំងអស់គ្នា ព្រមទាំងវិស័យឯកជនបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕