ក្រសួងការងារផ្សព្វផ្សាយមូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារដល់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ

ភ្នំពេញ ៖ នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាផ្សព្វផ្សាយមូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារដល់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ ដោយមានការចូលរួមគាំទ្រពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មនៅកម្ពុជា និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការអន្តរជាតិខាងការងារ។

ក្នុងសិក្ខាសាលានៅថ្ងៃ ២៧ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការជ្រើសយកប្រធានបទនៃសិក្ខាសាលានេះ បានឆ្លុះបញ្ជាំងអំពីតម្រូវការចាំបាច់ និងការពិនិត្យមើលឡើងវិញនូវវិធានការណ៍ដែលរោងចក្រ សហគ្រាសបានអនុវត្តកន្លងមក ដោយបំពេញចំនុចខ្វះខាត ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គីភ័យ អគ្គីសនី និងការងារក្តៅ ដែលវាអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងដំណើរការអាជីវកម្ម ប្រសិនបើមានការធ្វេសប្រហែស ដោយសារសកម្មភាពរបស់មនុស្ស និងស្ថានភាពនៅកន្លែងធ្វើការដែលមិនមានសុវត្ថិភាព។

លោក គូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវការកសាងវប្បធម៌នៃការបង្ការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ វាជាទស្សនៈវិស័យដ៏វែងឆ្ងាយ ដែលទាមទារការចូលរួមយ៉ាងសកម្មភាព និងការបេ្តជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់ រួមមានរាជរដ្ឋាភិបាល អង្គការនិយោជក អង្គការកម្មករនិយោជិត អ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និងសុខភាពការងារទៅជាវប្បធម៌នៅកន្លែងធ្វើការ និងការរស់នៅប្រចាំថ្ងៃ។

លោក ឡេង តុង ទីប្រឹក្សាអមប្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ ឱ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យ អាចក្លាយមហន្តរាយធ្ងន់ធ្ងរ ដល់និយោជក និងកម្មករនិយោជិត ប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងមានវិធានការបង្ការច្បាស់លាស់ទុកជាមុន។ បញ្ហានេះ វាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ “ផលប៉ះពាល់ Domino” នៅពេលអគ្គិភ័យបង្កឱ្យមានការផ្ទុះ និងដួលរលំអគារកើតឡើងដែលបណ្តាលឱ្យក្លាយជាសោកនាកម្មកើតឡើង។ អគ្គិភ័យ បានធ្វើឱ្យមានផ្សែង និងឧស្ម័នពុលដែលបង្កមានគ្រោះថ្នាក់ដល់មនុស្សនៅពេលស្រូបចូល ព្រមទាំងបាត់បង់ស្មារតី និងមិនអាចជម្លៀសខ្លួនចេញពីអគារឱ្យបានទាន់ពេលវេលាដែលនេះវាក្លាយជាសោកនាកម្មធ្ងន់ធ្ងរ៕