សម្តេច ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យ សាធារណៈ និងឯកជន ជាការងារអាទិភាព

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យ សាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។

ការថ្លែងរបស់សម្តេច ហ៊ុន សែន ខាងលើនេះធ្វើឡើងក្នុបពេលសម្តេច អញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាថ្ងៃទី ២៦ខែមីនា ឆ្នាំ ២០២៣ ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់ដំណាក់កាល នៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

សម្តេចបន្តថា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ការកើនកម្ដៅ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ សម្តេចសម្លឹងឃើញតួនាទីកាន់តែសំខាន់ របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការរក្សាចីរភាព នៃកំណើនសេដ្ឋកិច្ច និងជំរុញផ្លែផ្កានៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

សម្តេចបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះ សម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើត បច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍នាពេលអនាគត។

បើតាមសម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២២-២០៣៥” និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនវិស័យ សាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា។ កម្ពុជានឹងទទួលបានកាលានុវត្តភាពការងារថ្មី ដែលជាផលនៃរបកគំហើញនូវបច្ចេកវិទ្យាថ្មី ស្របតាមពាក្យស្លោក «បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី»។

សម្តេចបន្ថែមថា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន ៣ គឺ ១).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អប់រំ និង៣). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល។ រាជរដ្ឋាភិបាល ក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាព ចំនួន៣បន្ថែមទៀត គឺ ១). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ និង៣). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យា ឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា៕