ភ្នំពេញ៖ ដោយមានការគាំទ្រពីសម្តេច ហ៊ុន សែន លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានជួបពិភាក្សាជាមួយក្រុមហ៊ុន UNIONធ្វើការវិនិយោគបំពង់ទឹកសាបក្រោមសមុទ្រទៅផ្គត់ផ្គង់ឲ្យកោះស្តេចនៅពេលខាងមុខឆាប់។ នេះជាការជួយដោះស្រាយសម្រាប់ការរស់នៅនិងធ្វើអាជីវកម្មជូនបងប្អូននៅទីនោះវែងឆ្ងាយ។
លោក កែវ រតនៈ ថ្លែងថា ប្រជាពលរដ្ឋប្រមាណ ៦០០គ្រួសារបានទទួលថ្លៃភ្លើងថោក មិនមែនថ្លៃ២០៥០៛/គីឡូវ៉ាត់ម៉ោងដូចពីមុនទេ។ ថ្វីត្បិតអគ្គិសនីលែងជាកង្វល់ បងប្អូនអ្នកកោះស្តេចប្រឈមបញ្ហាខ្វះទឹកសាបប្រើប្រាស់ ហើយត្រូវខំសន្សំនិងដឹកទឹកសាបពីដីគោកមកបន្ថែមតាមទូកតូចៗ។
លោកបន្ថែមថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងជួយចុះសិក្សាពីតម្រូវការទឹក លើកយោបល់បច្ចេកទេស និងដាក់សំណើទៅក្រមហ៊ុន UNION នៅពេលដ៏ខ្លីខាងមុខ។ លោក អរគុណលោក ទេសរដ្ឋមន្ត្រី ចមប្រសិទ្ធ ដែលគាំទ្រលើគម្រោងនេះ។ ជាពិសេស លោកក៏បានអបអរជាមួយបងប្អូនអ្នកកោះស្តេចទុកជាមុនផងដែរ៕