ភ្នំពេញ៖ គិតចាប់ពីបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បច្ចុប្បន្នគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលកសម្រេចលទ្ធផលសាងសង់បានប្រមាណ ១៩% ហើយ គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។
នេះបើតាម ក្រុមការងារនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) ចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ នៃគម្រោងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣។
ការចុះពិនិត្យនេះ មានការចូលរួមពី លោក ទេស តារារ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសមាជិក PIU លោក ប៉ាល់ ទិត្យវិរៈ សមាជិក PIU ព្រមទាំងសមាជិកផ្សេងៗទៀត អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ផងដែរ។
បើតាមក្រសួងសាធារណការ ការចុះពិនិត្យនាឱកាសនេះ អនុវត្តស្របតាមទិសដៅដែលក្រុមការងារបានរៀបចំឡើង ក្នុងការពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស់គម្រោងនេះ ធានាឱ្យបានគុណភាពផ្លូវថ្នល់ស្របតាមបទដ្ឋាន សំដៅបម្រើប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
ក្រុមការងារនៃអង្គភាពអនុវត្តគម្រោងបានណែនាំដល់ក្រុមហ៊ុន CRBC ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ពិសេសត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋានសាងសង់ ដោយក្រុមហ៊ុនត្រូវពិនិត្យបន្ថែមលើការដាក់ផ្លាកសញ្ញាជូនដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ៕