ក្រសួងឧស្សាហកម្មកម្ពុជា និង ក្រសួងបច្ចេកវិទ្យា ឡាវ ចុះ MOU ធ្វើកិច្ចសហប្រតិ្តការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ (TI)

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន ចុះអនុស្សរណៈយោគយល់គ្នា (MOU )ដើម្បីធ្វើកិច្ចសហប្រតិ្តការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ (TI)។

ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុក នូវកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងប្រទេសទាំងពីរនៅពេលស្របទៅនឹង ដំណើរទស្សន:កិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែកុម្ភ:កន្លងទៅ ក្នុងភាពជាដៃគូកិច្ចហប្រតិប្តិការគ្រប់ជ្រង់ជ្រោយ ។

លោកបញ្ជាក់ថា ទោះបីមានការរំខានដោយបញ្ហារោគរាតត្បាតCovid-19 ក៏ដោយ ក៏ប្រទេសទាំងពីរអាចសម្រេចបាននូវអនុស្សារណ:យោគយល់គ្នានេះ ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការជម្រុញលើកកំពស់នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកឲ្យកាន់តែប្រសេីរឡេីងលេីវិស័យ បច្ចេកវិទ្យា និងនវានុវត្តន៍តាមការដាក់ចេញនូវផែនការសកម្មភាពរបស់ប្រមុខនាក់ដឹកនាំនៃប្រទេសទាំងពីរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Boviengkham VONGDARA រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍ឡាវ បានវាយតម្លៃខ្ពស់ចំពោះជំនួបនិងការចុះអនុស្សារណ:យោគយល់គ្នានាពេលនេះ បង្ហាញពីការពង្រីកទនាក់ទំនង និងការបើកផ្លូវឲ្យភាគីទាំងពីរឈានទៅចុះអនុស្សារណ:យោគយល់គ្នាលើវិស័យពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងអង្គភាពជំនាញនៃក្រសួងទាំងពីរ៕