សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន AJE បានចុះអនុស្សរណៈយោគយល់គ្នាមួយ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាព អនាម័យ បរិស្ថាន ជាពិសេសសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការចំនួន២សំខាន់ៗ ទី១ ការគ្រប់គ្រងកាកសំណល់ ទី២ធ្វើឲ្យមានភាពបៃតង នៅក្នុងរមណីដ្ឋានអង្គរ។
ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក Fabian Daniel Mosquera Vera នាយកគ្រប់គ្រងនៃ AJE ASEAN បានឲ្យដឹងថា ក្នុងឱកាសអបអរសាទរតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករយៈពេល ៣ទសវត្ស ក្រុមហ៊ុន បាននិងកំពុងសហការជាមួយអាជ្ញាធរជាតិអប្សរាលើគម្រោងនិរន្តរភាព ក្នុងការអភិរក្សរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ប្រទេសកម្ពុជា។
លោកបន្តថា គម្រោងនេះបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមយុទ្ធនាការ “AJE ក្នុងភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា ការពារបរិស្ថានអង្គរ”។ទម្រង់នៃកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងទេសចរណ៍បៃតងនេះនឹងរួមបញ្ចូលការគាំទ្រក្នុងការផ្សព្វផ្សាយ យុទ្ធនាការបៃតងរួមគ្នា និងគម្រោងគ្រប់គ្រងកាកសំណល់។
លោក Mosquera Vera ថ្លែងថា “យើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគោលដៅនិរន្តរភាពនៅគ្រប់ទីកន្លែងដែលយើងដំណើរការ ហើយយើងជឿជាក់យ៉ាងមុតមាំលើតុល្យភាពនៃអាជីវកម្ម សុខភាពទីក្រុង និងការរួមបញ្ចូលនៃកន្លែងរស់នៅ ដែលមនុស្ស និងអាជីវកម្មរួមគ្នាប្រកបដោយប្រសិទ្ធភាព។ ចក្ខុវិស័យនេះក៏ពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រថ្មី នៃតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវបានការពារនៅជុំវិញពិភពលោក»។
លោកបានបន្ថែមថា៖ «វាជាយុទ្ធសាស្ត្រដើម្បីនាំមកវិញនូវមោទនភាពនៃតំបន់បេតិកភណ្ឌពិភពលោកមួយ និងធ្វើនាំឱ្យតំបន់បេតិកភណ្ឌពិភពលោកយនោះមានជីវិតឡើងវិញ»។
អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានហៅការចូលរួមសហការពីសំណាក់ក្រុមហ៊ុនឯកជនមួយនេះ ជាការធ្វើឲ្យប្រសើរឡើងប្រសើរឡើងនូវសោភណ្ឌភាព អនាម័យ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្តម មានប្រសាសន៍ថា កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនអាជេនេះ នឹងផ្តល់ជាលទ្ធផលជាផ្លែផ្កាយ៉ាងល្អប្រសើរបំផុតសម្រាប់រមណីយដ្ឋានអង្គរ ក៏ដូចជាការជួយការពារ អភិរក្សបេតិកភណ្ឌពិភពលោកដែលជាមរតកមនុស្សជាតិ។
បើតាម លោកឡុង កុសល ក្នុងរយៈពេល៣០ឆ្នាំនេះ រាល់សកម្មភាពរបស់អាជ្ញាធរជាតិអប្សរា នៅក្នុងការថែរក្សារមណីយដ្ឋានអង្គរ បើមិនមានការចូលរួមពីគ្រប់ភាគីទាំងរដ្ឋ ទាំងឯកជន ទាំងសហគមន៍ប្រជាពលរដ្ឋ នោះទេ គឺមិនអាចធ្វើទៅបាននោះទេ។ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរា ខិតខំស្វែងរកកិច្ចសហការពីវិស័យឯកជនបន្ថែមទៀត៕