ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គម្រោងកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) នឹងរៀបចំពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ ។ នេះបើលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ។
ការលើកឡើងនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃ២៣ មីនា ។ លោកថា គម្រោងបើកឲ្យពលរដ្ឋធ្វើដំណើរនេះ ធ្វើយ៉ាងណាឲ្យបានមុនការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ ។
លោកបន្តថា «គម្រោងរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) និងពិធីបើកការដ្ឋានគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត គ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឲ្យបានមុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ២០២៣»។
សម្រាប់លោកស្រី Kamei Haruko បានលើកពីការអនុវត្តគម្រោងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងភស្តុភារកម្មនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានរបស់ JICA ដែលមានដូចជា គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ នេះជាដើម៕