ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើន ទោះបីជាកម្ពុជាទទួលបានជោគជ័យលើជំងឺនេះក៏ដោយ។
យោងតាមសារលិខិតរបស់សម្ដេច ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ការស្រាវជ្រាវ និងការព្យាបាលជំងឺរបេងឲ្យប្រជាជនដោយឥតបង់ថ្លៃ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងជាហេតុធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងមានការធ្លាក់ចុះយ៉ាងខ្លាំងជាងប្រទេសដទៃ ។ ជាក់ស្ដែង អត្រាស្លាប់បានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។
សម្ដេចបន្ដថា រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់២៨៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងធ្លាក់ចុះ៥០% ផងដែរ។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន។
សម្ដេចបញ្ជាក់ថា «ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំយល់ថា ប្រទេសកម្ពុជា យើងនៅមានអត្រាឈី និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឲ្យយើងត្រូវបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឲ្យកាន់តែច្រើនថែមទៀតនូវអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក»៕