ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ចេញសេចក្តីណែនាំឱ្យដាក់តម្លៃនៅលើមុខទំនិញ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២២ខែមីនានេះ បានចេញសេចក្តីជូនដំណឹងដល់ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយបន្តដល់គ្រប់អាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មទាំងអស់ ត្រូវបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទជាប្រាក់រៀល។

ការចេញសេចក្តីជូនដំណឹងនេះ គឺអនុវត្តតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារណែនាំ “សូមឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ចូលរួមជាមួយគ្នាដើម្បីដាក់ជាតម្លៃកុំឱ្យពិបាកសួរ…”។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាគ្រប់អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវប្រកាសលេខ២១៦ព.ណ.អវឯ.ប្រក ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំ ដើម្បីណែនាំដល់គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសសេវាកម្មម្ហូបអាហារ ត្រូវរៀបចំឱ្យមានជាបញ្ជីរាយនាមសេវាកម្ម ដោយមានភ្ជាប់ជាមួយតម្លៃ (ដូចមានបញ្ជាក់ក្នុងប្រកាសលេខ ០៥២ ប្រក.ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពីកាតព្វកិច្ចបង្កើតប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍ ។
សូមអានសេចក្តីណែនាំ នៃក្រសួងទាំងពីរដូចខាងក្រោម៖