ខេត្តអត្តពឺសន្យាពង្រឹងទំនាក់ទំនងមិត្តភាពរវាងខេត្តអត្តពឺនិងខេត្តរតនគិរីឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

រតនគិរី៖ លោក ស្រីមីនាផន សៃសំភូ លេខារងបក្សខេត្ត និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ខេត្តអត្តពឺនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសន្យាពង្រឹងទំនាក់ទំនងមិត្តភាពរវាងខេត្តអត្តពឺនិងខេត្តរតនគិរីឱ្យកាន់តែជិតស្និទ្ធ និងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត។

ការសន្យាខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្នុងពេល លោក ស្រី មីនាផន សៃសំភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ លោក ងិន ណែល អភិបាលខេត្តស្តីទី ខេត្តរតនគិរីនៅសាលប្រជុំVIPសាលាខេត្តរតនគិរី។

លោកស្រី មីនាផន សៃសំភូថ្លែងថា លោកស្រីនឹងពង្រឹងទំនាក់ទំនងមិត្តភាពរវាងខេត្តអត្តពឺនិងខេត្តរតនគិរីឱ្យកាន់តែជិតស្និទ្ធនិងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត។ជាពិសេសបន្តយន្តការសម្របសម្រួលដល់ការផ្លាស់ប្តូរព័ត៌មាន សួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងនាមប្រទេសជិតខាងដ៏ល្អដែលជាមូលដ្ឋានគ្រឹះរឹងមាំក្នុងការបង្កើតកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍រវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា(និយាយរួមនិងនិយាយដោយឡែកខេត្តអត្តពឺ និងខេត្ត រតនគិរី)។

ក្នុងឱកាសនេះដែឬ លោកស្រី មីនាផន សៃសំភូ បានជូនពរទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព សាមគ្គីភាព រវាងខេត្តអត្តពឺនិងខេត្តរតនគិរីឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍។

ជាការឆ្លើយតប លោក ងិន ណែល បានចាត់ទុកសមាគមមិត្តភាពឡាវ-កម្ពុជា គឺជាស្ពានចម្លងដើម្បីរួមចំណែកពង្រឹង ពូនជ្រុំចំណងមិត្តភាពរវាងឡាវ និងកម្ពុជាក៏ដូចជារវាងខេត្ត អត្តពឺនិងខេត្តរតនគិរីផងដែរ។ ហើយក្នុងនាមខេត្តជាប់ព្រំដែន លោក អភិបាលខេត្តស្តីទីបានលើកឡើងថា ខេត្តទាំងពីរ នឹងខិតខំជំរុញលើកកម្ពស់ និងពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងថែមទៀត ៕