រដ្ឋមន្ត្រីកសិកម្មគាំទ្រ ឱ្យក្រុមហ៊ុនដ៏ធំរបស់ជប៉ុនបង្កើតរោងចក្រអេតាណុលនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្រកាសគាំទ្រ ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន ដែលមានឈ្មោះ KOJIMAHOLDINGS Co.,Ltd ដែលចង់វិនិយោគលើការបង្កើតរោងចក្រអេតាណុល( Ethanol) នៅកម្ពុជាដើម្បីចូលរួមចំណែកដ៏សំខាន់មួយក្នុងការកាត់បន្ថយឧស្ម័នកាបូនិច ជួយដល់បរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាជន។ នេះ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២១ ខែមីនា ។

ការប្រកាសគាំទ្ររបស់លោក រដ្ឋមន្ត្រី ឌិត ទីណា នេះ ធ្វើឡើងកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ ក្នុងពេលទទួលជួប និង ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រី ឌិត ទីណា បានបង្ហាញពីបំណង ចង់ឱ្យគម្រោងនេះ លេចចេញជារូបរាងឡើង ដោយក្រសួងនឹងជួយសម្រួលឱ្យមានការចាប់ដៃសហការក៏ដូចជារកដៃគូវិនិយោគនានា ពោលគឺទាំងទិដ្ឋភាពផ្លូវច្បាប់ បច្ចេកទេស និងនយោបាយ ព្រមទាំងជួយជំរុញឱ្យមានការចូលរួមពីកសិករ អ្នកផលិតដើម្បីផ្គត់ផ្គង់ ឱ្យស្របទៅតាមតម្រូវការរបស់ជប៉ុន។

ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅបានរលូន លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានច្បាស់លាស់ពីខ្សែច្រវាក់តម្លៃដំឡូងមីនៅកម្ពុជា រួមទាំងថ្លៃដើម ទីតាំងរោងចក្រ និងការដឹកជញ្ជូនជាដើម ដើម្បីមើលឱ្យឃើញពីភាពជោគជ័យ និងមាននិរន្តរភាព។ ចំពោះការដឹកជញ្ជូន ផ្លូវទឹកគឺជាជម្រើសដ៏ល្អបំផុត និងជួយកាត់បន្ថយថ្លៃដើមបានច្រើន។ បន្ថែមលើនេះទៀត ចំណុចសំខាន់ក្នុងការសហការធ្វើការងារជាមួយគ្នា ក្រុមហ៊ុនត្រូវគិតគូរក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីធានានូវទំនុកចិត្ត ការផលិត ការផ្គត់ផ្គង់ និងតម្លៃ។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាការងារលើសំណើគម្រោង “Cassava Based-Bio Ethanol Production Plant in Cambodia” ដោយក្រុមហ៊ុនមានបំណងវិនិយោគលើការផលិតសារធាតុអេតាណុល ចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប។

សម្រាប់ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី១៤ ខែមីនានេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ១៤៨.៣១០តោន ទៅប្រទេសវៀតណាមនិងថៃ កាកសំណល់ដំឡូងមី ៣៤.៦៦៤តោន និងចំណិតដំឡូងមីក្រៀម ៧៧៨.៥២៨តោន នាំចេញទៅវៀតណាម ថៃ និងចិន និងម្សៅដំឡូងមី ១៣.៤៦៧,៣០តោន នាំចេញទៅប្រទេសចិន ជប៉ុន និងឥណ្ឌា៕